សាលារៀន និងផ្លូវថ្នល់មួយចំនួននៅតែត្រូវបានបិទក្នុងថ្ងៃចន្ទ (១៤ កក្កដា) នេះ ខណៈដែលតំបន់ Tasman និង Nelson របស់ប្រទេសនូវែលសេឡង់ បានចាប់ផ្តើមសម្អាត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ បណ្តាលឱ្យមានទឹកជំនន់យ៉ាងគំហុក បំណាក់ដីជាច្រើនកន្លែង ដោយបង្ខំឱ្យមនុស្សម្នារាប់សិបនាក់ត្រូវជម្លៀសខ្លួន។

តំបន់ទាំងពីរនោះស្ថិតនៅភាគខាងជើងនៃកោះភាគខាងត្បូងរបស់ប្រទេសនូវែលសេឡង់ ហើយត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរជាលើកទីពីរក្នុងរយៈពេលជាច្រើនសប្តាហ៍។
អភិបាលតំបន់ Tasman លោក Tim King បានប្រាប់វិទ្យុនូវែលសេឡង់ថា មនុស្សប្រហែល ៤០នាក់ បានស្នាក់នៅក្នុងកន្លែងសង្គ្រោះបន្ទាន់ពេញមួយយប់ ដោយអ្នកជម្លៀសខ្លួនជាច្រើននាក់ទៀតបានស្នាក់នៅជាមួយសាច់ញាតិដោយសារតែការខូចខាតខ្លាំងពីទឹកជំនន់។
អាជ្ញាធរគ្រាអាសន្នក្នុងតំបន់បាននិយាយថា ក្រុមការងារបានវាយតម្លៃការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធចំនួន ៤១៧ទីតាំង នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់កាលពីថ្ងៃអាទិត្យ ហើយគ្រោងនឹងទៅមើលទ្រព្យសម្បត្តិចំនួន ៤១៣កន្លែងបន្ថែមទៀតនៅថ្ងៃចន្ទនេះ។ មន្រ្តីអាជ្ញាធរបាននិយាយថា សាលារៀនជាច្រើនត្រូវបានបិទដោយសារតែទឹកជំនន់ ហើយផ្លូវថ្នល់ចំនួន ៥១ខ្សែក៏ត្រូវបានផ្អាកចរាចរណ៍ផងដែរ៕

