អាកាសយានដ្ឋាន London Southend ក្នុងទីក្រុង Essex នៅចក្រភអង់គ្លេស បាននិយាយថា ខ្លួនបានបិទប្រតិបត្តិការរហូតដល់មានការជូនដំណឹងបន្ថែម ហើយជើងហោះហើរទាំងទៅ និងមកពីអាកាសយានដ្ឋាននេះត្រូវបានលុបចោល បន្ទាប់ពីនគរបាលនិយាយថា យន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់នៅអាកាសយានដ្ឋាន Southend ជាប់ឆ្នេរសមុទ្រភាគអាគ្នេយ៍នៃដែនដីអង់គ្លេសមួយនេះ កាលពីថ្ងៃអាទិត្យ (១៣ កក្កដា)។

យន្តហោះខ្នាតតូចនោះឈ្មោះ Beechcraft B200 ប្រវែង ១២ម៉ែត្រ បានធ្លាក់នៅម៉ោងក្នុងស្រុកប្រហែល ៤រសៀលថ្ងៃអាទិត្យ ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន ដែលស្ថិតនៅក្នុងទីក្រុង Essex ។ យោងតាមសាក្សី និងរូបថតដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានឱ្យដឹងថា យន្តហោះត្រូវបានមើលឃើញថាផ្ទុះឆេះ ជាមួយនឹងផ្សែងខ្មៅយ៉ាងខ្មួលខ្មាញ់។
យន្តហោះដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Zeusch នោះត្រូវបានបំពាក់ដោយប្រព័ន្ធវេជ្ជសាស្ត្រសម្រាប់ដឹកជញ្ជូនអ្នកជំងឺ។ ក្រុមហ៊ុន Zeusch បានបញ្ជាក់ថា ជើងហោះហើរ SUZ1 របស់ខ្លួនបានជួបឧបទ្ទវហេតុ។
មូលហេតុនៃការធ្លាក់យន្តហោះមិនទាន់ដឹងនៅឡើយទេ ហើយគេក៏មិនច្បាស់ដែរថាតើមានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះនោះ ឬថាតើជើងហោះហើរពីព្រលាន Southend មួយនេះគឺជាការជម្លៀសផ្នែកវេជ្ជសាស្រ្ត និងមានអ្នកជំងឺណាម្នាក់នៅលើយន្តហោះនោះដែរឬយ៉ាងណាទេ៕

