ក្រុមមន្ត្រីសហព័ន្ធកាលពីថ្ងៃអាទិត្យ (១៣ កក្កដា) បាននិយាយការពារយុទ្ធនាការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការនិរទេសជនអន្តោប្រវេសន៍ដែលរស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ រួមទាំងការឆ្មក់បង្រ្កាបជនអន្តោប្រវេសន៍នៅកសិដ្ឋានមួយក្នុងរដ្ឋ California ដែលបណ្តាលឱ្យកម្មករម្នាក់ស្លាប់ ហើយគំរាមថា រដ្ឋបាលនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចតុលាការដែលចង់បញ្ឈប់យុទ្ធសាស្ត្របង្រ្កាបមិនបន្ធូរដៃបែបនេះ។

លោក Trump បានប្តេជ្ញានិរទេសមនុស្សរាប់លាននាក់នៅអាមេរិកដោយខុសច្បាប់ ហើយបានអនុវត្តការឆ្មក់បង្រ្កាបនៅកន្លែងធ្វើការ រួមទាំងកសិដ្ឋាននានា ដែលភាគច្រើនត្រូវលើកលែងពីការអនុវត្តច្បាប់បែបនេះអំឡុងពេលអាណត្តិដំបូងរបស់លោក។ រដ្ឋបាលលោក Trump បានប្រឈមនឹងបណ្តឹងរាប់សិបនៅទូទាំងប្រទេសដោយសារយុទ្ធសាស្ត្រដ៏កម្រោលរបស់ខ្លួន។
មន្រ្តីជាន់ខ្ពស់ជាច្រើនរបស់អាមេរិក រួមទាំងប្រធានក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kristi Noem និងមន្ត្រីព្រំដែនរបស់លោក Trump គឺលោក Tom Homan កាលពីថ្ងៃអាទិត្យ បានរិះគន់សេចក្ដីសម្រេចមួយរបស់ចៅក្រមដែលរារាំងរដ្ឋបាលមិនឱ្យឃុំខ្លួនជនអន្តោរប្រវេសន៍ ហើយបានបដិសេធថា រដ្ឋបាលមិនបានប្រើយុទ្ធសាស្ត្រកម្រោលដូចដែលបានពណ៌នានៅក្នុងបណ្តឹងនោះទេ។
ក្នុងអំឡុងការឆ្មក់បង្រ្កាបជនអន្តោប្រវេសន៍ដ៏ច្របូកច្របល់មួយ និងការតវ៉ាបន្ទាប់ពីនោះ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នៅឯពីរទីតាំងនៃកសិដ្ឋានកញ្ឆាមួយនៅរដ្ឋ California ភាគខាងត្បូង មនុស្សជាង ៣៦០នាក់ ដែលមន្រ្តីនិយាយថារស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ត្រូវឃុំខ្លួន។ សហជីពតំណាងកម្មករនៅអាមេរិក និយាយថា កម្មករជាច្រើនបានរងរបួសក្នុងអំឡុងពេលឆ្មក់បង្រ្កាបនោះ ហើយក្រោយមកមានជនរងគ្រោះម្នាក់បានស្លាប់ដោយសារតែរបួសធ្ងន់ធ្ងរពេក៕

