សហភាពអឺរ៉ុប និងម៉ិកស៊ិក បានសម្តែងការខកចិត្តចំពោះការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដំឡើងពន្ធ៣០% លើការនាំចូលរបស់ពួកគេចាប់ពីថ្ងៃទី ១ ខែសីហា។

ម៉ិកស៊ិក បានរិះគន់អ្វីដែលខ្លួនហៅថា "កិច្ចព្រមព្រៀងមិនយុត្តិធម៌" របស់លោក Trump ហើយបានទទូចថាអធិបតេយ្យភាពរបស់ខ្លួនមិនអាចចរចារបាន ខណៈប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានគំរាមចាត់វិធានការណ៍តបតវិញក្នុងទំហំដូចគ្នា ប្រសិនបើចាំបាច់។ មេដឹកនាំទាំងពីរបាននិយាយថា ពួកគេចង់បន្តការចរចាជាមួយសហរដ្ឋអាមេរិក។
លោក Trump បានព្រមានថា លោកនឹងកំណត់ពន្ធនាំចូលកាន់តែខ្ពស់ ប្រសិនបើដៃគូពាណិជ្ជកម្មអាមេរិកណាមួយ សម្រេចចិត្តសងសឹក។
ក្នុងសប្តាហ៍នេះ លោក Trump ក៏បានប្រកាសពន្ធថ្មីលើទំនិញពីប្រទេសជប៉ុន កូរ៉េខាងត្បូង កាណាដា និងប្រេស៊ីលចាប់ពីខែក្រោយផងដែរ។
នៅក្នុងលិខិតដែលបានផ្ញើកាលពីថ្ងៃសុក្រទៅកាន់ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen លោក Trump បានសរសេរថា "យើងមានពេលជាច្រើនឆ្នាំដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មរបស់យើងជាមួយសហភាពអឺរ៉ុប ហើយបានសន្និដ្ឋានថា យើងត្រូវកែប្រែឆ្ងាយពីឱនភាពពាណិជ្ជកម្មរយៈពេលវែង និងយូរអង្វែងដែលកើតឡើងដោយពន្ធរបស់អ្នក។
នៅក្នុងលិខិតរបស់លោកផ្ញើទៅកាន់សហភាពអឺរ៉ុប និងម៉ិកស៊ិក លោក Trump បានព្រមានថា ប្រសិនបើដៃគូពាណិជ្ជកម្មណាមួយសងសឹកនឹងការយកពន្ធលើការនាំចូលរបស់ពួកគេប្រឆាំងនឹងសហរដ្ឋអាមេរិកនោះ លោកនឹងវាយបកវិញដោយការដំឡើងពន្ធលើភាគរយស្រដៀងគ្នា និងលើសពី ៣០% ៕

