ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (១៣ កក្កដា) បានផ្អាកប្រតិបត្តិការស្វែងរករយៈពេលពេញមួយសប្តាហ៍សម្រាប់ជនរងគ្រោះដែលបាត់ខ្លួនដោយសារទឹកជំនន់ដ៏មហន្តរាយតាមដងទន្លេ Guadalupe និងនាំឱ្យមានការជួយសង្គ្រោះថ្មីមួយនៅកន្លែងផ្សេងទៀតដើម្បីជម្លៀសអ្នកស្រុកទៅកាន់ទីទួលខ្ពស់ ខណៈក្រុមមន្ត្រីព្រមានថា ភ្លៀងធ្លាក់ខ្លាំងបែបនេះអាចបណ្តាលឱ្យមានទឹកជំនន់ដ៏អាក្រក់ម្តងទៀត។

នេះជាលើកទីមួយហើយដែលអាកាសធាតុធ្ងន់ធ្ងរថ្មីបានផ្អាកការស្វែងរកចាប់តាំងពីទឹកជំនន់កាលពីថ្ងៃទី០៤ ខែកក្កដា ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៩នាក់ ដោយអាជ្ញាធរជឿថាមនុស្សជាង ១៦០នាក់ អាចនៅតែបាត់ខ្លួននៅក្នុងតំបន់ Kerr ដែលរងការប៉ះពាល់ខ្លាំងជាងគេ។
អាជ្ញាធរជំរុញការជូនដំណឹងដោយផ្ទាល់ និងតាមទូរសព្ទដល់អ្នកស្រុកនៅក្នុងតំបន់ក្រុង Kerrville កាលពីថ្ងៃអាទិត្យ ដើម្បីជូនដំណឹងដល់ប្រជាជនថា ទឹកជំនន់អាចកើតឡើងជាថ្មី។ សេចក្តីថ្លែងការណ៍ដែលដាក់ចេញដោយមន្ត្រីក្រុង Kerrville បានជំរុញឱ្យអ្នកស្រុកកុំព្យាយាមធ្វើដំណើរ លុះត្រាតែភាពចាំបាច់ដើម្បីគេចចេញពីតំបន់ដែលមានទឹកជំនន់ ឬស្ថិតក្រោមបទបញ្ជាជម្លៀស។
ពេលដែលភ្លៀងធ្លាក់កាន់តែខ្លាំងនៅថ្ងៃអាទិត្យ ក្រុមព្យាករសេវាកម្មអាកាសធាតុជាតិព្រមានថា កម្រិតទឹកនៅទន្លេ Guadalupe អាចកើនឡើងកាន់តែគ្រោះថ្នាក់ និងអាចបង្កជាទឹកជំនន់ថ្មីយ៉ាងគំហុក។ ភ្លៀងដែលរារាំងកិច្ចការស្វែងរកអ្នកបាត់ខ្លួននេះ ក៏កំពុងបណ្តាលឱ្យផ្លូវទឹកផ្សេងទៀតហក់ឡើងទៅចុងភាគខាងជើងក្នុងរដ្ឋតិចសាស់ ជាទីដែលក្រុមសង្គ្រោះបន្ទាន់បានជួយអ្នកបើកបរដែលជាប់ខ្លួនលើផ្លូវលិចទឹកជាច្រើនខ្សែ៕


