កោះតៃវ៉ាន់៖ យន្តហោះចម្បាំងរបស់កងទ័ពអាកាសកោះតៃវ៉ាន់ បានបញ្ចេញសម្រែកហោះឡើងលើអាកាសកាលពីថ្ងៃពុធ នៅក្នុងសមយុទ្ធដែលប្រៀបប្រដូចទៅនឹងការធ្វើសង្គ្រាមពិតៗ ដោយបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធរបស់ខ្លួន ស្របពេលមានភាពតានតឹងផ្នែកយោធាកើនឡើងជាមួយប្រទេសចិន ដែលប្រកាសថាកោះនេះជាកម្មសិទ្ធិរបស់ខ្លួន។

មុនពេលហោះឡើង ក្រុមអវកាសយានិកហោះហើរនៅមូលដ្ឋានមួយក្នុងទីក្រុង Chiayi ភាគខាងត្បូង ដែលជាមូលដ្ឋានរបស់យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ដែលព្យាយាមស្ទាក់ចាប់យន្តហោះចម្បាំងរបស់ចិន បានប្រញាប់ប្រញាល់ទៅកាន់យន្តហោះដែលត្រៀមរួចជាស្រេច។ សកម្មភាពខាងយោធានេះគឺជាផ្នែកមួយនៃសមយុទ្ធរយៈពេល ៣ថ្ងៃដើម្បីបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធរបស់កោះតៃវ៉ាន់ នៅមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីដែលនឹងបញ្ចប់នៅចុងខែនេះ។ ភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ដ៏រសើប បាននឹងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកោះតៃវ៉ាន់បានត្អូញត្អែរអំពីបេសកកម្មម្តងហើយម្តងទៀត ពីសំណាក់កងកម្លាំងអាកាសរបស់ចិន នៅជិតកោះដែលដឹកនាំតាមបែបប្រជាធិបតេយ្យមួយនេះ។
ជារឿយៗយន្តហោះយោធាចិនហោះហើរចូលទៅក្នុង ផ្នែកភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) ជុំវិញកោះដែលតៃវ៉ាន់ត្រួតពិនិត្យ និងល្បាត។ នៅអំឡុងខែធ្នូ ឆ្នាំ២០២១ កោះតៃវ៉ាន់ក៏បានធ្វើសមុទ្រផងដែរ ដែលសកម្មភាពខាងយោធានៅលើដីគោកដោយមានការបាញ់គ្រាប់ពិត ដើម្បីសាកល្បងការត្រៀមខ្លួនប្រយុទ្ធខាងកងទ័ព និងអាវុធដែលត្រូវបានប្រើរថក្រោះជាច្រើនគ្រឿង។ កោះតៃវ៉ាន់បានចំណាយប្រាក់ប្រមាណ ១.៤៥ពាន់លានដុល្លារអាមេរិកដើម្បីទិញរថក្រោះ M1A2T ចំនួន ១០៨គ្រឿងពីសហរដ្ឋអាមេរិកបន្ថែមពីលើរថក្រោះដែលខ្លួនមានស្រាប់ចំនួន ១,០០០គ្រឿងសម្រាប់បម្រើដល់វិស័យការពារជាតិរបស់ខ្លួន៕
អត្ថបទ៖ សុខមាន