កងកម្លាំងអ៊ីស្រាអែលបានបន្តវាយលុកតំបន់ហ្កាហ្សា ដោយបានវាយប្រហារលើទីផ្សារដ៏មមាញឹកមួយកន្លែងនិងទីតាំងចែកចាយទឹក ដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៩៥នាក់ ខណៈចំនួនអ្នកស្លាប់ដោយសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ៊ុមព័ទ្ធមួយនេះបានលើសពី៥៨.០០០នាក់។

យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីផ្សារទីក្រុងហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់១៧នាក់កាលពីថ្ងៃអាទិត្យរួមទាំងវេជ្ជបណ្ឌិតដ៏លេចធ្លោម្នាក់ លោក Ahmed Qandil។ នៅក្នុងជំរំជនភៀសខ្លួន Nuseirat ភាគកណ្តាល ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល បានវាយប្រហារចំណុចចែកចាយទឹក បានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ ហើយយោងតាមប្រភពព័ត៌មានពីគ្រូពេទ្យបានឲ្យដឹងថា ជនរងគ្រោះ៧នាក់ជាកុមារដែលបានមកតម្រង់ជួរដើម្បីប្រមូលទឹកប្រើប្រាស់ ខណៈយ៉ាងហោចណាស់១៧នាក់ផ្សេងទៀតបានរងរបួស។

យោធាអ៊ីស្រាអែលពុំបានធ្វើអត្ថាធិប្បាយលើការវាយប្រហារនៅទីផ្សារទីក្រុងហ្កាហ្សានោះទេ ប៉ុន្តែបាននិយាយថា ការវាយប្រហាររបស់ខ្លួនលើជំរំNuseirat គឺសំដៅលើអ្នកប្រយុទ្ធប៉ាឡេស្ទីន ហើយវាបានងាកចេញពីគោលដៅដោយសារតែកំហុសបច្ចេកទេស។ លោកស្រី Jessica Dorsey រដ្ឋអាជ្ញាអន្តរជាតិ និងជាជំនួយការសាស្រ្តាចារ្យនៅសកលវិទ្យាល័យ Utrecht ក្នុងប្រទេសហូឡង់ បានចោទសួរពីការអះអាងរបស់អ៊ីស្រាអែល និងនិយាយថា យោធាអ៊ីស្រាអែល ពុំមានវិធានការគ្រប់គ្រាន់ដើម្បីការពារជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សានោះទេ។
លោកស្រីនិយាយថា «កំហុសជាច្រើនកើតឡើងនៅក្នុងសង្គ្រាម ប៉ុន្តែនៅចំណុចជាក់លាក់មួយ គឺការធ្វើឲ្យបាត់បង់អាយុជីវិតជនស៊ីវិល ដែលយើងបានឃើញក្នុងរយៈពេល២១ខែចុងក្រោយនេះ»។