មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានរងរបួសស្រាលនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើការជួបប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ក្នុងទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅនេះ។

មន្ត្រីរូបនេះបាននិយាយថា ការប៉ុនប៉ងធ្វើឃាតបានកំណត់គោលដៅទៅលើប្រមុខរដ្ឋាភិបាលនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តួលរំលំ។ លោកនិយាយថា «ការប៉ុនប៉ងនេះ នឹងធ្វើឲ្យអ៊ីស្រាអែលត្រូវទទួលរងនូវអ្វីដែលខ្លួនបានធ្វើ»។
ការវាយប្រហារត្រូវបានធ្វើឡើងភ្លាមៗនៅមុនពេលថ្ងៃត្រង់ អំឡុងពេលកិច្ចប្រជុំមួយដែលចូលរួមពីប្រមុខនៃស្ថាប័ននីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងតុលាការរបស់រដ្ឋាភិបាល រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។

ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការក៏បានរាយការណ៍ព័ត៌មានលំអិតថ្មីអំពីការប៉ុនប៉ងធ្វើឃាតក្នុងអំឡុងពេលសង្គ្រាម១២ថ្ងៃរបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលត្រូវបានប្រកាសដំបូងដោយប្រធានាធិបតីអ៊ីរ៉ង់ នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ។
ចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់បន្ទាប់ពីការផ្ទុះជាច្រើន ប៉ុន្តែមន្ត្រីអ៊ីរ៉ង់អាចរត់គេចបានតាមរយៈច្រកគ្រាអាសន្នដែលបានរៀបចំទុកជាមុន រួមទាំងលោកប្រធានាធិបតីផងដែរជាអ្នកដែលត្រូវបានគេនិយាយថាបានរងរបួសជើងតិចតួចពេលកំពុងជម្លៀសខ្លួន។