ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា «ខ្ញុំបានដោះស្រាយបញ្ហាណាតូកាលពីសប្តាហ៍មុន» ខណៈលោកក៏បានការពារការគំរាមដំឡើងពន្ធរបស់លោកទៅលើប្រទេសមួយចំនួនក្នុងអំឡុងពេលបទសម្ភាសន៍មួយនៅលើបណ្តាញព័ត៌មាន FOX News ក្នុងកម្មវិធី«My View with Lara Trump»។

លោក Trump បាននិយាយលម្អិតអំពីសេចក្តីថ្លែងការណ៍របស់លោកថា «បច្ចុប្បន្ននេះ គ្រប់ប្រទេស កំពុងចំណាយប្រាក់ច្រើនបន្ថែមទៀតពី២ភាគរយ ទៅ៥ ភាគរយ ហើយពួកគេមិនបានបង់ចំនួន២ភាគរយ ប៉ុន្តែពួកគេនឹងបង់ចំនួន៥ភាគរយ ដូច្នេះយើងមានចំនួនមួយសែនកោដ៍ដុល្លារក្នុងមួយឆ្នាំ ហើយយើងមានសំឡេងខ្លាំងនៅក្នុងសម្ព័ន្ធយោធាណាតូ ពេលនេះ។ លោក Trump ក៏បាននិយាយដដែលៗពីការការពារការដាក់ពន្ធបន្ថែមដ៏មានសក្តានុពលលើប្រទេសមួយចំនួន។

សេចក្តីថ្លែងការណ៍របស់លោក ធ្វើឡើងបន្ទាប់ពីបានគំរាមដំឡើងពន្ធ៣០ភាគរយលើការនាំចូលពីប្រទេសម៉ិកស៊ិក និងសហភាពអឺរ៉ុបចាប់ពីថ្ងៃទី១ ខែសីហា។ លោក Trump បាននិយាយថា «ប្រទេសមួយចំនួនមានការខកចិត្តយ៉ាងខ្លាំងនៅពេលនេះ ដោយសារតែពួកគេបានទាញយកប្រយោជន៍ពីយើងរយៈពេល៣០ ទៅ៤០ឆ្នាំ កន្លងទៅនេះ។ អង្គការណាតូបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រមុខណាតូ លោក Mark Rutte នឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីនៅថ្ងៃចន្ទ ទី១៤ កក្កដា និងថ្ងៃអង្គារ ទី១៥ កក្កដា ជាកន្លែងដែលលោកនឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump រដ្ឋមន្ត្រីការបរទេសលោកMarco Rubio និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth។ សេចក្តីប្រកាសព័ត៌មានពុំបានផ្តល់ហេតុផលភ្លាមៗសម្រាប់ដំណើរទស្សនកិច្ចរបស់លោក Rutteនោះទេ ប៉ុន្តែលោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកមានឆន្ទៈក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនតាមរយៈសម្ព័ន្ធយោធាណាតូ ហើយលោកនឹងធ្វើ «សេចក្តីថ្លែងការណ៍សំខាន់មួយ» នៅថ្ងៃចន្ទនេះ។