អ្នកកាន់ទុក្ខរាប់រយនាក់ បានចូលរួមក្នុងពិធីដង្ហែរសពកាលពីថ្ងៃអាទិត្យ សម្រាប់មនុស្សពីរនាក់ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយអ្នកតាំងលំនៅ នៅតំបន់West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ក្នុងនោះម្នាក់ជាពលរដ្ឋអាមេរិក។

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពលរដ្ឋអាមេរិកប៉ាឡេស្ទីនម្នាក់អាយុ២០ឆ្នាំ ឈ្មោះ Sayafollah Musallet ដែលត្រូវបានគេស្គាល់ថា Saif ត្រូវបានគេវាយរហូតដល់ស្លាប់ដោយអ្នកតាំងលំនៅកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន។

អាជ្ញាធរនិយាយថា បុរសទីពីរឈ្មោះ Hussein Al-Shalabi អាយុ២៣ឆ្នាំ ត្រូវបានបាញ់ចំដើមទ្រូង។ បងប្អូនជីដូនមួយរបស់ Musallet នាងDiana Musallet បាននិយាយថា Musallet រស់នៅរដ្ឋ Florida បានធ្វើដំណើរទៅកាន់តំបន់ West Bank កាលពីថ្ងៃទី៤ខែមិថុនា ដើម្បីចំណាយពេលជួបជាមួយមនុស្សជាទីស្រលាញ់របស់គាត់។
នាងបាននិយាយថា អ្នកតាំងលំនៅរបស់អ៊ីស្រាអែលបានឡោមព័ទ្ធ Saif រយៈពេលបីម៉ោង ខណៈក្រុមគ្រូពេទ្យព្យាយាមចូលទៅដល់គាត់។ ក្រោយមក បានប្រញាប់ប្រញាល់បញ្ជូនគាត់ទៅកាន់រថយន្តគិលានសង្គ្រោះប៉ុន្តែយឺតពេលទៅហើយ Saifបានស្លាប់មុនពេលទៅដល់មន្ទីរពេទ្យ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ក្រសួងបានដឹងអំពីឧបទ្ទវហេតុនេះ ប៉ុន្តែពុំមានសម្រង់ការអត្ថាធិប្បាយបន្ថែមនោះ។ អំពើហិង្សារបស់អ្នកតាំងលំនៅ នៅតំបន់West Bank បានកើនឡើងចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា នៅចុងឆ្នាំ២០២៣ នេះបើយោងតាមក្រុមសិទ្ធិមនុស្ស។
ពលរដ្ឋអ៊ីស្រាអែលរាប់សិបនាក់ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមដងផ្លូវរបស់ប៉ាឡេស្ទីនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយយោធាអ៊ីស្រាអែល បានបង្កើនការវាយឆ្មក់នៅទូទាំងតំបន់ West Bank ។