ការផ្គត់ផ្គង់រ៉ែសំណង់គ្រប់ប្រភេទនៅកម្ពុជា បាននិងកំពុងឆ្លើយតប និងតម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ជាពិសេសការផ្គត់ផ្គង់ ស៊ីម៉ង់ត៍ ខណៈកម្ពុជាមានរោងចក្រកំពុងដំណើរការ និងការបង្កើតថ្មីៗបន្ថែមទៀត ដែលនឹងអាចធ្វើឱ្យកម្ពុជានាំពេញវិស័យនាពេលអនាគត់។
ឯកឧត្តម យស់ មុនីរ៉ាត់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងការអញ្ជើញជាវាគ្មិន ស្តីពីធនធានរ៉ែ ការកែច្នៃ និងការផ្គត់ផ្គង់រ៉ែគ្រប់ប្រភេទនៅលើទីផ្សារ នេះថា ជុំវិញធនធានរ៉ែនេះ, ក្រសួងរ៉ែ និងថាមពល បានបង្កើតនូវគោលនយោបាយធនធានរ៉ែ ឆ្នាំ២០១៨-២០២៨ ដោយគោលនយោបាយនោះ បានជំរុញឱ្យមានការប្រើប្រាស់វត្ថុធាតុដើម ដែលមាននៅក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីជំនួសការនាំចូល ក្នុងនោះក្រៅពីថ្មអារ កម្ពុជានូវមានរ៉ែសំណង់ជាច្រើនប្រភេទដូចជា ខ្សាច់សំណង់ ថ្មសំណង់ និងស៊ីម៉ង់ត៍ជាដើម ដែលជាឆ្អឹងខ្នងយ៉ាងសំខាន់ ទ្រទ្រង់ដល់ការអភិវឌ្ឍនៃប្រទេសជាតិយើង តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត និងបម្រើសេចក្តី ត្រូវការផ្សេងៗនៅក្នុងទីផ្សារទូទៅ។
ចំណែកវិស័យស៊ីម៉ងត៍, ឯកឧត្តម លើកឡើងឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រស៊ីម៉ង់ត៍កំពុងដំណើរការចំនួន ៥ កន្លែង ដែល អាចផលិតស៊ីម៉ង់ត៍បានចំនួនពី ៩ ទៅ ១០ លានតោន ក្នុងមួយឆ្នាំ ហើយថ្មីៗនេះកម្ពុជាទទួលរោងចក្រស៊ីម៉ង់ត៍បង្កើតថ្មីមួយកន្លែងទៀត នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នាពេលកន្លងមកនេះដែរ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណបង្កើតរោងចក្រផលិតស៊ីម៉ង់មួយ កន្លែងទៀត នៅក្នុងខេត្តក្រចេះ ដែលរោងចក្រនោះមានសមត្ថភាពផលិតក្នុងរង្វង់ ២លានតោនក្នុងមួយឆ្នាំ។ ជាសរុប, បន្ទាប់ពីរោងចក្រ ថ្មីៗនេះដាក់ឱ្យដំណើរការ ផលិតផលស៊ីម៉ង់នៅកម្ពុជានឹងមានកំណើនកើនឡើងបន្ថែមទៀត អាចឆ្លើយតបដល់ការនាំចេញផងដែរ។
ទាក់ទងការផ្គត់ផ្គង់វិញ, ឯកឧត្តម យស់ មុនីរ៉ាត់ បន្ថែមឱ្យដឹងថា ជុំវិញវិស័យស៊ីម៉ង់ត៍ ថ្មីៗនេះសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានស្នើមកក្រសួងរ៉ែ និងថាមពល ហើយនិងដាក់ទៅជូនរាជរដ្ឋាភិបាល អំពីការធ្លាក់ចុះផលិតកម្មស៊ីម៉ង់ត៍ ក្នុងគោលបំណងដើម្បីជួយទប់ ស្កាត់ការនាំស៊ីម៉ង់ត៍នាំចូលពីក្រៅប្រទេស និងការផ្អាកផ្តល់អាជ្ញារបណ្ណដល់រោងចក្រស៊ីម៉ង់ត៍ថ្មីៗបន្ថែមទៀត ដើម្បីផ្តល់ឱកាសដល់កិច្ច ដំណើររោងចក្រក្នុងស្រុក ផលិតនិងផ្គត់ផ្គង់ឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកជាក់ស្តែង៕ អត្ថបទ៖ សុន រ៉ាឌី
