ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យចៅសង្កាត់ និងស្មៀន ធ្វើយ៉ាងណាបម្រើសេវាសាធារណៈ និងសេវាផ្សេងៗទៀត ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ព្រោះចៅសង្កាត់ និងស្មៀនសង្កាត់ គឺជាអ្នកដែលនៅផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋ ដូច្នេះអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋ អាជ្ញាធរត្រូវតែបម្រើ ពិសេសការផ្តល់សេវាជូនឱ្យមានតម្លាភាព និងទាន់ពេលវេលា ។
ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយលោក លោកស្រីជាចៅសង្កាត់ និងស្មៀនសង្កាត់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណយ៉ាងធំធេងផងដែរ ចំពោះអាជ្ញាធរសង្កាត់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូតស្ថានភាពជំងឺនេះបានធូរស្រាល និងបានឈានដល់រាជរដ្ឋាភិបាលបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលធ្វើឱ្យប្រទេសជាតិបានដំណើរការជាប្រក្រតីឡើងវិញ ដូចសព្វថ្ងៃនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា




