ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស ( Mahmoud Abbas)កាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យក្រុមហាម៉ាស ប្រគល់អាវុធរបស់ខ្លួន ទៅឲ្យអាជ្ញាធរប៉ាឡេស្ទីន (PA)។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ក្នុងអំឡុងកិច្ចប្រជុំរបស់លោក ជាមួយអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Tony Blair នៅរដ្ឋធានីអាម៉ាន (Amman) នៃប្រទេសហ្ស៊កដានី លោក អាបាស បាននិយាយថា៖«ក្រុមហាម៉ាស នឹងមិនគ្រប់គ្រងតំបន់ហ្កាហ្សា ក្នុងសម័យក្រោយសង្គ្រាមទេ»។

លោកបានសង្កត់ធ្ងន់ថា ដំណោះស្រាយតែមួយគត់ដែលអាចសម្រេចបានសម្រាប់តំបន់ហ្កាហ្សាស្ទ្រីប គឺការដកកងទ័ពទាំងស្រុងរបស់អ៊ីស្រាអែល ចេញពីតំបន់នេះ និងការផ្តល់អំណាចដល់រដ្ឋប៉ាឡេស្ទីន ដើម្បីបន្ត ការទទួលខុសត្រូវរបស់ខ្លួនជាមួយអារ៉ាប់ និងការគាំទ្រពីអន្តរជាតិ។
សារព័ត៌មាន WAFA បាននិយាយថា កិច្ចប្រជុំបានលើកឡើងពីការវិវឌ្ឍចុងក្រោយបង្អស់ នៅក្នុងទឹកដីប៉ាឡេស្ទីន ក៏ដូចជាការវិវឌ្ឍផ្នែកនយោបាយ និងមនុស្សធម៌ទាក់ទងនឹងសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្កាហ្សាស្ទ្រីប។
លោកប្រធានអាជ្ញាធរប៉ាឡេស្ទីន បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីឈានដល់បទឈប់បាញ់ជាបន្ទាន់ ដោះលែងចំណាប់ថ្នូរ និងអ្នកទោសទាំងអស់ និងធានាការចូលដោយគ្មានឧបសគ្គនូវជំនួយមនុស្សធម៌ទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
ក្នុងអំឡុងកិច្ចប្រជុំនោះ លោក អាបាស បានថ្កោលទោសចំពោះវិធានការឯកតោភាគីរបស់អ៊ីស្រាអែល រួមទាំងការពង្រីកការតាំងទីលំនៅ នៅតំបន់វេសបែង ( West Bank) និងទីក្រុងហ្ស៊េរុយសាឡឹម ហើយបានច្រានចោលរាល់ការប៉ុនប៉ង ដើម្បីដាក់បញ្ចូលទឹកដីប៉ាឡេស្ទីន ជាឧបសម្ព័ន្ធរបស់អ៊ីស្រាអែល ក៏ដូចជាការវាយប្រហារម្តងហើយម្តងទៀត ទៅលើទីតាំងពិសិដ្ឋរបស់សាសនាឥស្លាម និងគ្រិស្តសាសនា។