ព្រះបរមរាជវាំង បាក់ឃីងហែម (Buckingham) របស់ចក្រភពអង់គ្លេស បាននិយាយនៅថ្ងៃចន្ទ (១៤ កក្កដា) នេះថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីរដែលមិនធ្លាប់មានពីមុនមក ទៅកាន់ចក្រភពអង់គ្លេស ចន្លោះថ្ងៃទី១៧ និង ១៩ ខែកញ្ញា ខាងមុខនេះ ដោយត្រូវអនុញ្ញាតឱ្យចូលគាល់ព្រះមហាក្សត្រ ឆាលស៍ទី២ និងម្ចាស់ក្សត្រី ខាមីឡា នៅក្នុងវិមាន Windsor Castle។

ព្រះបរមរាជវាំងក៏បានបញ្ជាក់ថា លោក Trump ដែលជាអ្នកគាំទ្រពូជពង្សរាជវង្ស ជាពិសេសលើរបបរាជានិយម នឹងត្រូវអមដំណើរដោយភរិយារបស់លោក គឺស្រ្តីទីមួយ លោកស្រី Melania Trump ក្នុងអំឡុងពេលទស្សនកិច្ច ៣ថ្ងៃនោះ។

គម្រោងទស្សនកិច្ចនេះគឺជារឿងមិនធ្លាប់មានពីមុនមក ដោយពុំមានប្រធានាធិបតីអាមេរិករូបណាម្នាក់ត្រូវបានអញ្ជើញឱ្យធ្វើទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីរបែបនេះទេ។ កាលពីមុន លោក Trump បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋក្នុងឆ្នាំ២០១៩ អំឡុងពេលអាណត្តិដំបូងរបស់លោក។

លិខិតអញ្ជើញសម្រាប់ដំណើរទស្សនកិច្ចលើកទីពីរពីព្រះមហាក្សត្រចក្រភពអង់គ្លេសនេះ ត្រូវប្រគល់ដោយផ្ទាល់តាមរយៈលោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ក្នុងខែកុម្ភៈ អំឡុងពេលកិច្ចប្រជុំនៅសេតវិមាន។ បន្ទាប់ពីអានលិខិតអញ្ជើញនោះ លោក Trump និយាយថា នេះជា "កិត្តិយសខ្ពង់ខ្ពស់ណាស់" ហើយហាក់ដូចជារីករាយជាពិសេស ដោយការពិតដែលថាលោកនឹងស្នាក់នៅវិមាន Windsor Castle ដ៏ខ្ពង់ខ្ពស់៕