អាជ្ញាធរហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់មានកុមារចំនួន ៦៧នាក់ បានស្លាប់ ដោយសារភាពស្រេកឃ្លាន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែមីនា នៅពេលដែលអ៊ីស្រាអែល បានផ្អាកជំនួយមនុស្សធម៌ ដល់តំបន់នេះ។
ពួកគេបាននិយាយថា៖«ចំនួនកុមារដែលបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ បានកើនឡើងដល់ ៦៧ នាក់។ ក្រៅពីនោះ កុមារជាង ៦៥០.000នាក់ ដែលមានអាយុក្រោម ៥ឆ្នាំ ទំនងជាប្រឈមនឹងភាពអត់ឃ្លាន នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
យោងតាមក្រសួងសុខាភិបាលនៃដែនដីនេះ ចំនួនអ្នកស្លាប់សរុបពីអរិភាពនៅហ្កាហ្សា ចាប់តាំងពីខែតុលាឆ្នាំ ២០២៣ បានកើនឡើងដល់ ៥៧.៨៨២នាក់ ជាមួយនឹងមនុស្ស ១៣៨.០៩៥នាក់ បានរងរបួស។ ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ មនុស្សចំនួន ៥៩នាក់ បានស្លាប់ និង ២០៨នាក់ទៀត បានរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
កាលពីថ្ងៃទី០២ ខែមីនា អ៊ីស្រាអែលបានផ្អាកជំនួយមនុស្សធម៌ដល់តំបន់ងហ្កាហ្សាស្ទ្រីប ហើយបានបិទច្រកត្រួតពិនិត្យទាំងអស់។ នៅថ្ងៃទី ១៨ ខែមីនា អ៊ីស្រាអែលបានបន្តធ្វើអរិភាព នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយបានធ្វើការវាយប្រហារជាបន្តបន្ទាប់ លើគោលដៅរបស់ក្រុមហាម៉ាស ដូច្នេះបានបញ្ចប់បទឈប់បាញ់ដែលមាននៅក្នុងទឹកដីនេះ ចាប់តាំងពីខែមករា ឆ្នាំ ២០២៥។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានពន្យល់ពីការសម្រេចនេះ ដោយការបដិសេធរបស់ហាម៉ាសលើសំណើដែលបានធ្វើឡើង បន្ទាប់ពីការពិភាក្សាជាមួយបេសកជនអាមេរិក លោក Steve Wit។ ការិយាល័យនេះ បានអះអាងថា គោលដៅនៃប្រតិបត្តិការនេះ គឺដើម្បីដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលទាំងអស់។