ភ្នំពេញ៖ នៅផ្លូវថ្មើរជើងចតុមុខ កាន់តែល្បីល្បាញនៅសប្ដាហ៌ទី២៣នេះ ដោយមានការសម្ដែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» ធ្វើឱ្យប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាទស្សនាទោះបីនៅថ្ងៃអាទិត្យនេះមានភ្លៀងរលឹមយ៉ាងណាក្ដី តែតំណក់ទឹកភ្លៀងមិនបានរារាំងប្រជាពលរដ្ឋដែលទៅលេងកម្សាន្តនៅផ្លូវថ្មើរជើងនោះទេ។
នារាត្រីថ្ងៃអាទិត្យទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមទស្សនាល្ខោនបាសាក់នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បះរាជធានីភ្នំពេញក្រុមទី១ ដែលដឹកនាំការសម្ដែងដោយលោក អុល សំអាង ហើយបានសម្តែងជារឿង «តេជោមាស តេជោយ៉ត» ដែលជារឿងបុរាណរបស់ខ្មែរ នាសម័យប្រឆាំងការឈ្លានពានពីសំណាក់ចោរសៀម។ រោងល្ខោនរៀបចំនាមាត់ទន្លេក្បែរទីតាំងរូបសំណាក់តេជោមាស តេជោយ៉ត ខាងមុខវត្តឧណ្ណាលោម ដោយនាំគ្នាអង្គុយលើកន្ទេលស្លឹកត្នោតផ្ទាល់ដីមុខរោងល្ខោន ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានទស្សនាការសម្តែងល្ខោនបាសាក់ បង្កើតបាននូវភាពសប្បាយរីករាយ និងចូលរួមទស្សនាយ៉ាងជក់ចិត្តនាចុងសប្តាហ៍។
នៅក្នុងការសម្តែងរបស់ក្រុមល្ខោនបាសាក់ក្នុងសាច់រឿង «តេជោមាស តេជោយ៉ត» ជាសាច់រឿងមួយឆ្លុះបញ្ចាំងពីភាពប៉ិនប្រសព្វ និងឈ្លាសវៃរបស់ព្រះមហាក្សត្រខ្មែរ និងមេទ័ពដ៏អង់អាចរបស់ខ្មែរនាសម័យនោះ ដែលបានធ្វើឱ្យកម្លាំងទ័ពបច្ចាមិត្តសៀម ដែលចង់ឈ្លានពានគ្រប់គ្រងដែននគរខ្មែរ ត្រូវវិនាសរត់ខ្ចាត់ខ្ចាយ និងកោតខ្លាចអំណាចឥទ្ធិពលព្រះមហាក្សត្រខ្មែរសម័យនោះ ពោលចន្លោះឆ្នាំ១៥៧៥ ដល់១៥៩៣។ ជាក់ស្តែងនៅឆ្នាំ២០២៥នេះទៀតសោត ប្រទេសភូមិផងរបងតែមួយរបស់ខ្មែរដដែលនេះ នៅតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់ខ្មែរឥតឈប់ឈរ រហូតចូលមកលប់លួចបាញ់សម្លាប់ទាហានខ្មែរម្នាក់ក្នុងទឹកដីខ្មែរ ដែលហេតុការណ៍នេះ បានបង្ករជាជម្លោះព្រំដែន និងឈានដល់ការបិទច្រកទ្វារព្រំដែន ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន។
នៅក្នុងឈុតឆាក ដែលមេទ័ពអង់អាចរបស់ខ្មែរឈ្មោះ តេជោមាស និង តេជោយ៉ត ដែលជាគ្រូ និងសិស្ស បានបណ្តេញពួកចោរសៀមឈ្លានពានអស់ពីដែននគរខ្មែរ ធ្វើឱ្យប្រជាពលរដ្ឋដែលចូលរួមទស្សនា ស្រែកហ៊ោ និងទះដៃអបអរសាទរយ៉ាងកងរំពង ដែលការណ៍នេះ បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ បានគាំទ្រពេញទំហឹងដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើចំណាត់ការទាំងការប្តឹងទៅតុលាការអន្តរជាតិ ICJ និងយន្តការទ្វេភាគី ព្រមទាំងបន្តលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងត្រៀម២៤ម៉ោងលើ២៤ម៉ោងក្នុងការការពារបូរណភាពទឹកដីនាព្រំដែនផងដែរ។
ការសម្តែងល្ខោនបាសាក់របស់ក្រុមសម្តែងលោក អុល សំអាង នាផ្លូវថ្មើរជើងចតុមុខ ត្រូវបានឧបត្ថម្ភគាំទ្រពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យពលរដ្ឋដែលកម្សាន្តនៅផ្លូវថ្មើរជើងទទួលបានបទពិសោធន៍ថ្មីៗជារៀងរាល់សប្តាហ៍ មិនថាការសម្តែងខ្នាតតូច ឬខ្នាតធំ ជាពិសេសរំលឹកដល់ទឹកចិត្ត និងការស្នេហាជាតិរបស់ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្នផងដែរ។
សូមបញ្ជាក់ថា ដំណើររឿង «តេជោមាស តេជោយ៉ត» ត្រូវបានកើតឡើងនៅក្នុងសម័យឧដុង្គក្នុងរជ្ជកាលព្រះបាទជ័យចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរ ស្ថិតនៅក្នុងការទន្រ្ទានយាយីពីបរទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង និងចង់បង្ហាញពីវីរភាពរបស់បុព្វបុរសខ្មែរ ក្នុងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាព្រះមហាក្សត្រ ក្នុងកិច្ចការពារបូរណភាពទឹកដី។ ក្នុងរឿងល្ខោននោះដែរតួអង្គ តេជោយ៉ត បានប្រើយុទ្ធវិធីអូសប្ញស្សីបញ្ចាស់ចុង ដើម្បីរកខ្មាំងសត្រូវ និងជនបង្កប់ផ្ទៃក្រោយ ប្រើវិធីនេះហើយពួកជន់បង្កប់និងសត្រូវផ្ទៃក្នុងត្រូវបានបង្ក្រាបទើបព្រះរាជាណាចក្រខ្មែរសម័យនោះទទួលបានជ័យជំនះពីការឈ្លានពាន។ តេជោយ៉ត ជាតួអង្គតំណាងឱ្យមេទ័ពខ្មែរ នៅសម័យឧដុង្គ ដែលមានគំនិតស្រឡាញ់ជាតិ លើកតម្កើងជាតិ និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ ដែលទង្វើនេះជាគំរូមួយគួរជាទីមោទនៈ និងស្ញប់ស្ញែងក្រៃលែង។
លោក ហួត ហៃ អភិបាលរងរាជធានីបានលើកឡើងថា ផ្លូវថ្មើរជើងធ្វើល្អបាន៩៩%ហើយ នៅសល់១%ទៀតអាជ្ញាធរនឹងបន្តធ្វើឱ្យបានល្អប្រសើរថែមទៀត។ ទោះបីយ៉ាងណាការរៀបចំសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅលើផ្លូវថ្មើរជើងនៅតែជាចំណុចអាទិភាពដែលត្រូវយកចិត្តទុកដាក់បំផុត ពិសេសការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា