អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប គឺមិនអាចទទួលយកបានឡើយ ដោយបន្ថែមថា លោកមិនសប្បាយចិត្តនឹងសកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងតំបន់នេះ អស់រយៈពេលជាច្រើនសប្តាហ៍។
លោក Merz បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ARD ថា៖«ខ្ញុំមិនចូលចិត្តអ្វី ដែលរដ្ឋា ភិបាលអ៊ីស្រាអែល បានធ្វើនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប អស់រយៈពេលជាច្រើនសប្តាហ៍ហើយនោះ»។ លោកបាននិយាយថា លោកបានពិភាក្សាអំពីស្ថានភាពនេះ ជាច្រើនលើករួចហើយ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រា អែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

«ខ្ញុំសង្ឃឹមថា ពួកយើង អឺរ៉ុប រួមជាមួយនឹងពលរដ្ឋអាមេរិក នឹងអាចស្វែងរកដំណោះស្រាយមួយ ដែលនៅទីបំផុត នឹងនាំទៅរកដំណោះស្រាយរដ្ឋពីរ [ចំពោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល]»។
លោក បានលើកឡើងថា ប៉ាឡេស្ទីនមានសិទ្ធិទៅកន្លែង ដែលពួកគេអាចរស់នៅបាន។ លោក Merz បានសន្និដ្ឋានថា៖«ស្ថានភាពបច្ចុប្បន្ននៅតំបន់ហ្កាហ្សាស្ទ្រីប គឺមិនអាចទទួលយកបានទេ»។
នៅថ្ងៃទី ១៨ ខែឧសភា អ៊ីស្រាអែល បានចាប់ផ្តើមអរិភាពនៅតំបន់ភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប ដែលជាផ្នែកមួយនៃប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំគឺ Gideon's Chariots ជាមួយនឹងគោលដៅនៃការកម្ចាត់ក្រុមហាម៉ាសជាចុងក្រោយ និងការដោះលែងថ្នូរអ៊ីស្រាអែលទាំងអស់ ដែលស្ថិតនៅក្នុងទឹកដីនេះ។ លោក បេនចាមីន បាននិយាយថា បន្ទាប់ពីប្រតិបត្តិការនោះមក កងទ័ពគ្រោងនឹងគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីបទាំងមូល។
