ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងជាថ្មីថា លោកជឿថា ប្រទេសជប៉ុន ពុំបានធ្វើការគ្រប់គ្រាន់ដើម្បីបើកទីផ្សាររបស់ខ្លួនចំពោះការនាំចេញរបស់សហរដ្ឋអាមេរិក ជាពិសេសក្នុងឧស្សាហកម្មរថយន្ត។ លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពអាកាសខាងក្រៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យអំពីការចរចារពន្ធជាមួយប្រទេសជប៉ុន និងប្រទេសនិងតំបន់ផ្សេងទៀត។
លោកនិយាយថា ខណៈសហភាពអឺរ៉ុបចង់បើកទីផ្សាររបស់ខ្លួន ប្រទេសជប៉ុនបានធ្វើដូច្នេះ «ក្នុងកម្រិតតិចជាងច្រើនទាក់ទងនឹងការបើកចំហប្រទេសរបស់ខ្លួន»។ លោក Trump បានអះអាងជាថ្មីថា ប្រទេសជប៉ុនលក់រថយន្ត«រាប់លានគ្រឿង»នៅអាមេរិកក្នុងមួយឆ្នាំ ហើយប្រទេសជប៉ុនមិនបានទទួលយករថយន្តអាមេរិក ឬផលិតផលកសិកម្មកាន់តែច្រើននោះទេ។

លោកបាននិយាយបន្តថា ប្រទេសជប៉ុន និងដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកផ្សេងទៀតកំពុងតែផ្លាស់ប្តូរមធ្យោបាយរបស់ខ្លួនយ៉ាងឆាប់រហ័ស។ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ពុំបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលលោកចង់និយាយពីការ «ផ្លាស់ប្តូរមធ្យោបារបស់ពួកគេនោះទេ»។
លោក Trump បានប្រកាសនៅថ្ងៃទី៧ ខែកក្កដា ថា លោកនឹងដាក់ពន្ធ២៥ភាគរយលើការនាំចូលពីប្រទេសជប៉ុនចាប់ពីថ្ងៃទី១ ខែសីហា។ ការផ្តោតសំខាន់គឺទៅលើការចរចារពន្ធរវាងប្រទេសជប៉ុននិងអាមេរិក និងថាតើពួកគេអាចបង្រួមការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរបានដែរឬយ៉ាងណា។
