រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times (FT)ថា ទីក្រុងប៊ែរឡាំង នឹងមិនបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ទៅកាន់ទីក្រុងគីវ បើទោះបីជាមានការស្នើសុំមួយផ្សេងទៀតពីទីក្រុងគីវក៏ដោយ។
សារព័ត៌មាន FT បានសរសេរថា៖«លោកបាននិយាយថា ប្រទេសអាល្លឺម៉ង់ នឹងមិនបញ្ជូនមីស៊ីល Taurus រយៈចម្ងាយឆ្ងាយរបស់ខ្លួន ទៅឲ្យអ៊ុយក្រែនទេ ទោះបីជាមានរលកនៃការវាយប្រហារតាមផ្លូវអាកាសរបស់ រុស្ស៊ីនាពេលថ្មីៗនេះ និងការស្នើសុំជាថ្មីពីទីក្រុងគីវក៏ដោយ»។

លោក Pistorius ក៏បានចង្អុលបង្ហាញថា ទីក្រុងប៊ែរឡាំង មិនអាចផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀត បន្ទាប់ពីបានបញ្ជូនបីគ្រឿងទៅឲ្យទីក្រុងគីវ ក្នុងឆ្នាំ ២០២៣-២០២៤។ លោក Pistorius បាននិយាយថា៖«យើងនៅសល់តែ ៦គ្រឿង ប៉ុណ្ណោះ នៅក្នុងប្រទេសអាល្លឺម៉ង់» ដោយបន្ថែមថា ពីរគ្រឿង ត្រូវបានឲ្យប្រទេសប៉ូឡូញខ្ចី ហើយយ៉ាងហោចណាស់មួយគ្រឿង គឺតែងតែមិនអាចប្រើប្រាស់ ដោយសារតែត្រូវការជួសជុល ឬការបណ្តុះបណ្តាល។
ប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ បញ្ជាក់ថា៖«នោះ គឺពិតជាតិចតួចណាស់ ជាពិសេសការពិចារណាលើគោលដៅសមត្ថភាពរបស់អង្គការណាតូ ដែលយើងត្រូវបំពេញ។ យើងពិតជាមិនអាចផ្តល់ឲ្យទៀតទេ» ។
ទោះជាយ៉ាងណាក៏ដោយ លោក Pistorius មិនបានច្រានចោលថា លោកនឹងពិភាក្សាអំពីសំណើរបស់លោក ក្នុងការអនុញ្ញាតឲ្យអាល្លឺម៉ង់ទិញប្រព័ន្ធ Patriot ចំនួនពីរគ្រឿង ពីសហរដ្ឋអាមេរិកសម្រាប់ទីក្រុងគីវ ក្នុងកិច្ចប្រជុំ ជាមួយប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ១៤ ខែកក្កដានេះ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប៊ែរឡាំង លោក Sergey Nechayev បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Rossiya-24 មុននេះថា ទីក្រុងមូស្គូ នឹងតាមដានយ៉ាងដិតដល់នូវអ្វីដែលអាជ្ញាធរអាល្លឺម៉ង់ នឹងធ្វើការទាក់ទងនឹងការបញ្ជូនមីស៊ីល Taurus ទៅកាន់ទីក្រុងគីវ។
