ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Telegram ថា មន្ត្រីជាន់ខ្ពស់មកពីចលនាប៉ាឡេស្ទីនហាម៉ាស និងអង្គការជីហាដឥស្លាម បានបើកកិច្ចប្រជុំមួយ ជាពិសេសពិភាក្សាអំពីបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សាស្ទ្រីប។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាសមួយក្រុមដែលដឹកនាំដោយ លោក Muhammad Darwish និងសមាជិកនៃក្រុមជីហាដឥស្លាមដឹកនាំដោយលោកអគ្គលេខាធិការ Ziyad al-Nakhalah បានពិភាក្សាអំពីវឌ្ឍនភាព ក្នុងកិច្ចចរចាបច្ចុប្បន្នស្តីពីបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា ក៏ដូចជាប្រតិកម្មរបស់អាជ្ញាធរអ៊ីស្រាអែល ចំពោះសំណើដែលដាក់ចេញដោយអ្នកសម្របសម្រួល»។
អ្នកចូលរួមក្នុងកិច្ចប្រជុំនេះ បានសម្តែងក្តីសង្ឃឹមថា ការពិគ្រោះយោបល់នៅទីក្រុងដូហា នឹងនាំឲ្យ ឈានដល់«ការបញ្ចប់សង្គ្រាម នៅក្នុងដែនដីនេះ ការដកកងទ័ពអ៊ីស្រាអែលទាំងស្រុង ការបើកឡើងវិញនូវចំណុចឆ្លងកាត់ទាំងអស់នៅតាមព្រំដែនជាមួយតំបន់ហ្កាហ្សា និងការកសាងដែនដីនេះឡើងវិញ ។
ពុំមានព័ត៌មានថា កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីណា និងពេលណានោះទេ។
