ស្ថាប័នឧស្សាហកម្មមួយ នៅថ្ងៃចន្ទ (ទី១៤ ខែកក្កដា) នេះ បានប្រាប់សារព័ត៌មាន AFP ថា និស្សិតពេទ្យកូរ៉េខាងត្បូងរាប់ពាន់នាក់ គ្រោងនឹងត្រលប់ចូលថ្នាក់រៀនវិញ បន្ទាប់ពីបានធ្វើពហិការរយៈពេល ១៧ខែ ជាការបញ្ចប់នូវភាពជាប់គាំងមួយ ដែលក៏បានឃើញផងដែរនូវការធ្វើកូដកម្មរបស់គ្រូពេទ្យហាត់ការ។
គួររំលឹកថា ប្រព័ន្ធថែទាំសុខភាពរបស់កូរ៉េខាងត្បូង បានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ កាលពីដើមឆ្នាំមុន នៅពេលដែលប្រធានាធិបតីនាពេលនោះ គឺលោក Yoon Suk Yeol បានចាត់វិធានការបង្កើនការចុះឈ្មោះចូលរៀន នៅសាលាវេជ្ជសាស្ត្រ ដោយលើកឡើងពីតម្រូវការបន្ទាន់ ក្នុងការបង្កើនចំនួនគ្រូពេទ្យ ដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើងនៅក្នុងសង្គមដែលប្រជាជនវ័យចំណាស់មានកាន់តែច្រើនឡើងៗយ៉ាងឆាប់រហ័ស។

គំនិតផ្តួចផ្តើមនេះ បានជួបនឹងការតវ៉ាយ៉ាងខ្លាំងក្លា ដោយជំរុញឲ្យគ្រូពេទ្យវ័យក្មេងដើរចេញពីមន្ទីរពេទ្យ ហើយនិស្សិតពេទ្យធ្វើពហិការមិនចូលថ្នាក់រៀនរបស់ពួកគេ ជាអ្វីដែលធ្វើឲ្យប្រតិបត្តិការនានាត្រូវបានលុបចោល ហើយការផ្តល់សេវាត្រូវបានរំខាន នៅទូទាំងប្រទេស។ វិធានការនោះក្រោយមកត្រូវបានសម្រាល ហើយនៅទីបំផុតរដ្ឋាភិបាលបានស្នើឲ្យលុបចោលតែម្ដង ក្នុងខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីលោក Yoon ត្រូវបានចោទប្រកាន់ទម្លាក់តំណែង ដោយសារការប្រកាសច្បាប់អាជ្ញាសឹកមិនជោគជ័យរបស់លោក។
នៅថ្ងៃចន្ទនេះ អ្នកនាំពាក្យសមាគមវេជ្ជបណ្ឌិតកូរ៉េ បានប្រាប់សារព័ត៌មាន AFP ថា «និស្សិតបានយល់ព្រមត្រលប់ទៅសាលារៀនវិញ» ដោយបន្ថែមថា វាអាស្រ័យលើសាលាពេទ្យនីមួយៗ ក្នុងការសម្រេចពីកាលវិភាគ សម្រាប់ការវិលត្រលប់របស់សិស្សទាំងនោះ។
ចំណែកសមាគមនិស្សិតពេទ្យកូរ៉េ បានឲ្យនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅមុននេះថា និស្សិតបានឈានដល់ការសម្រេចបែបនេះ ដោយសារតែការបន្តធ្វើពហិការ «អាចបណ្តាលឲ្យមានការដួលរលំនូវមូលដ្ឋានគ្រឹះនៃប្រព័ន្ធវេជ្ជសាស្រ្ត»៕
