រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងព្យាយាមស្តារឡើងវិញនូវកិច្ចចរចានុយក្លេអ៊ែរជាមួយទីក្រុងតេអេរ៉ង់ ខណៈដែលសង្កត់ធ្ងន់ថា ប្រទេសរបស់លោកមិនប្រញាប្រញាល់ចាប់ផ្ដើមការចរចាឡើងវិញនោះឡើយ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីចុងសប្ដាហ៍កន្លងមក លោក Abbas Araghchi បានប្រាប់ថា «សហរដ្ឋអាមេរិកទទូចឲ្យត្រលប់ទៅកាន់តុចរចាវិញ» ដោយបន្ថែមថា អ៊ីរ៉ង់បានទទួល «សារជាច្រើន»។ ទីក្រុងតេអេរ៉ង់កំពុងថ្លឹងថ្លែងលើជម្រើសរបស់ខ្លួន ទាក់ទងនឹងពេលវេលា ទីតាំង និងរចនាសម្ព័ន្ធនៃកិច្ចពិភាក្សា នាពេលខាងមុខ ប៉ុន្តែ «មិនប្រញាប់ប្រញាល់ចូលទៅក្នុងដំណើរការការចរចាដោយមិនប្រុងប្រយ័ត្ននោះឡើយ»។
លោក Araghchi បានកាន់តួនាទីជាអ្នកដឹកនាំក្រុមអ្នកចរចា ក្នុងកិច្ចពិភាក្សាសម្របសម្រួលដោយប្រទេសអូម៉ង់ជាមួយសហរដ្ឋអាមេរិក ដែលក្រោយមកត្រូវបានដួលរលំ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីថ្ងៃទី១៣ ខែមិថុនា។

ការវាយប្រហារទាំងនោះបានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់ និងនុយក្លេអ៊ែរជាច្រើននាក់ ហើយបានវាយប្រហារលើតំបន់ទីក្រុងដែលមានប្រជាជនរស់នៅច្រើន ក៏ដូចជាពន្ធនាគារ Evin របស់ទីក្រុងតេអេរ៉ង់ផងដែរ។ សុន្ទរកថារបស់លោក Araghchi កើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានរួមអាហារពេលល្ងាចកាលពីថ្ងៃទី៧ ខែកក្កដាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជាកន្លែងដែលលោកបាននិយាយថា លោកបើកចំហចំពោះការដកទណ្ឌកម្មលើអ៊ីរ៉ង់។
បេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff ដែលដឹកនាំគណៈប្រតិភូអាមេរិក នៅក្នុងកិច្ចចរចាមុននេះ បាននិយាយថា កិច្ចប្រជុំជាមួយអ៊ីរ៉ង់ ត្រូវបានរំពឹងទុកនៅក្នុងសប្តាហ៍នេះ។ តែយ៉ាងណាក្ដី លោក Araghchi ក៏បានប្រាប់ផងដែរថា អ៊ីរ៉ង់ត្រូវការការធានាថា នឹងមិនមានការវាយប្រហារម្តងទៀតនោះឡើយ ប្រសិនបើការចរចាមិនទទួលបានជោគជ័យ៕
