រដ្ឋបាលដែលលើកបន្តុបដោយរុស្ស៊ីឲ្យគ្រប់គ្រងរោងចក្រពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន នាថ្ងៃចន្ទ (ទី១៤ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារមជ្ឈមណ្ឌលហ្វឹកហ្វឺន នៅរោងចក្រនេះ កាលពីល្ងាចថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។
រដ្ឋបាលនេះបានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា «ខ្មាំងសត្រូវបានប្រើយានដ្រូនចំនួន ៣គ្រឿងវាយប្រហារ» តែបានបញ្ជាក់ថា «មិនមានការខូចខាតធ្ងន់ធ្ងរឡើយ»។
សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយនូវរបាយការណ៍របស់រុស្ស៊ីនេះ។ របាយការណ៍នេះកើតឡើងបន្ទាប់ពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ឬ IAEA បានឲ្យដឹងថា ខ្លួនបានឮការបាញ់អាវុធធុនតូចរាប់រយគ្រាប់ នៅឯរោងចក្រនេះ កាលពីល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានរឹបអូសយករោងចក្រ Zaporizhzhia តាំងពីប៉ុន្មានសប្តាហ៍ដំបូងនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កាលខែកុម្ភៈ ឆ្នាំ២០២២។ ភាគីនីមួយៗតែងតែចោទដាក់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការបាញ់ ឬសកម្មភាពផ្សេងទៀតដែលអាចបង្កឲ្យមានគ្រោះថ្នាក់នុយក្លេអ៊ែរ។
ស្ថានីយ៍ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះ មិនដំណើរការនោះទេ ប៉ុន្តែនៅតែត្រូវការថាមពល ដើម្បីរក្សាឥន្ធនៈនុយក្លេអ៊ែររបស់វាឲ្យនៅត្រជាក់។ អ្នកគ្រប់គ្រងដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីឲ្យមើលខុសត្រូវលើរោងចក្រនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ស្ថានីយ៍នេះ «បន្តដំណើរការជាធម្មតា ដោយមានការប្រុងប្រយ័ត្នសុវត្ថិភាពចាំបាច់ទាំងអស់»៕
