អ្នកជំនាញយោធាលោក Andrey Marochko បានប្រាប់សារព័ត៌មាន TASS ថា អ៊ុយក្រែន បានបាត់បង់ទាហានជិត ៣.៩០០នាក់ និងទាហានស៊ីឈ្នួលបរទេស ក្នុងការប្រយុទ្ធគ្នា នៅតាមព្រំដែននៃសាធារណរដ្ឋប្រជាមានិត Lugansk (LPR) កាលពីសប្តាហ៍មុននេះ។

លោកបាននិយាយដោយដកស្រង់ទិន្នន័យពីក្រសួងការពារជាតិរុស្ស៊ីថា៖«នេះគឺជាការវិភាគអំពីវឌ្ឍនភាពនៃប្រតិបត្តិការយោធាពិសេស នៅក្នុងសាធារណរដ្ឋប្រជាមានិត Lugansk (LPR) ក្នុងសប្តាហ៍មុន។ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបាត់បង់យុទ្ធជននិងទាហានស៊ីឈ្នួលប្រមាណ ៣.៨៩០នាក់ នៅក្នុងតំបន់ដែលទទួលខុសត្រូវដោយកងកម្លាំងប្រយុទ្ធភាគខាងជើង ខាងត្បូង និងខាងលិចរបស់រុស្ស៊ី ក្នុងរយៈពេលរាយការណ៍នោះ។ សត្រូវនេះ បានទទួលរងការបាត់បង់កងទ័ពច្រើនបំផុត នៅក្នុងតំបន់ដែលទទួលខុសត្រូវដោយកងកម្លាំងប្រយុទ្ធភាគខាងលិច ដែលប្រតិបត្តិការ នៅក្នុងតំបន់ Kupyansk, Svatovo និង Kremennaya នៅសាធារណរដ្ឋប្រជាមានិត Lugansk។
អ្នកជំនាញយោធារូបនេះ បានបន្ថែមថា កងកម្លាំងរុស្ស៊ី បានបំផ្លាញរថក្រោះចំនួន ៤គ្រឿង ប្រព័ន្ធកាំភ្លើងធំចំនួន ៦២ គ្រឿង ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកចំនួន ៣៦ និងរ៉ាដាចាប់សញ្ញានិងកំណត់ទីតាំងកាំភ្លើងធំ កាំភ្លើងត្បាល់ និងគ្រាប់រ៉ូកែតរបស់សត្រូវ ព្រមទាំងឃ្លាំងរំសេវនិងផ្គត់ផ្គង់ចំនួន ៦០កន្លែង និងរថយន្តយោធាជិត ២០០ គ្រឿង។
