អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានបញ្ជាក់ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនទាន់ឈានដល់កិច្ចព្រមព្រៀងស្តីពីពេលវេលា និងទីតាំងសម្រាប់ការចរចារថ្មីស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ។
លោកបានថ្លែងក្នុងអំឡុងសន្និសីទប្រចាំសប្តាហ៍ថា៖ «ពុំទាន់មានកាលបរិច្ឆេទ ពេលវេលា ឬទីកន្លែង ត្រូវបានកំណត់សម្រាប់ការចរចាអំពីបញ្ហានេះ នៅឡើយទេ»។

អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ «នឹងមិនត្រឡប់ទៅតុចរចាវិញទេ» រហូតទាល់តែខ្លួន «ជឿជាក់លើប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងការទូត និងដំណើរការចរចា»។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បាននិងកំពុងធ្វើកិច្ចចរចាដោយប្រយោល ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ ស្តីពីការដោះស្រាយស្ថានការណ៍ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ចាប់តាំងពីខែមេសា។ បន្ទាប់ពីការព្យាយាមជាច្រើនដង ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ កិច្ចពិភាក្សា បានប្រែជាជាប់គាំង ដោយសារការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជុំវិញការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។ កិច្ចចរចាលើក៦ ត្រូវបានគេសន្មត់ថា នឹងប្រព្រឹត្តទៅនៅទីក្រុង Muscat នៅថ្ងៃទី ១៥ ខែមិថុនា ប៉ុន្តែបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ការពិគ្រោះយោបល់នោះ ត្រូវបានផ្អាក។
