កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលបានសម្លាប់ មេបញ្ជាការប្រចាំមួយចំនួនរបស់ក្រុមជ្រុលនិយមហាម៉ាស និងក្រុមជីហាដឥស្លាម នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ កងទ័ពអ៊ីស្រាអែល បានសម្លាប់មេបញ្ជាការជាច្រើននាក់ នៅក្នុងអង្គភាពយោធាផ្សេងៗរបស់ក្រុមហាម៉ាស និងអង្គការភេរវកម្ម ជីហាដឥស្លាម។ អង្គភាពទាំងនេះ បាននិងកំពុងធ្វើការ ដើម្បីស្ដារឡើងវិញនូវសក្តានុពលយោធារបស់អង្គការភេរវកម្ម»។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា មេបញ្ជាក់ដែលត្រូវបានសម្លាប់ទាំងនោះ បានព្យាយាមបង្កើតឡើងវិញនូវទីស្នាក់ការកណ្តាលសម្រាប់ការផលិតអាវុធ និងអង្គភាពស៊ើបការណ៍យោធារបស់ក្រុមហាម៉ាស។
