បាល់ទាត់៖ ខ្សែប្រយុទ្ធអ៊ីតាលី និងក្លិប Napoli, Lorenzo Insigne បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងការផ្លាស់ទៅកាន់ក្លិបកាណាដា Toronto FC នៅដំណាច់រដូវកាលនេះ។ កីឡាករវ័យ ៣០ឆ្នាំរូបនេះនឹងចុះហត្ថលេខារយៈពេល ៥ឆ្នាំកន្លះជាមួយក្លិបដែលលេងនៅក្របខណ្ឌអាមេរិក Major League Soccer មួយនេះនៅពេលកិច្ចសន្យារបស់គេអស់សុពលភាពនៅខែមិថុនាខាងមុខ។

Lorenzo Insigne នឹងក្លាយជាកីឡាករអ៊ីតាលីដែលមានឈ្មោះល្បីមួយរូបទៀត ផ្លាស់ទៅប្រកបអាជីពនៅក្របខណ្ឌ MLS អាមេរិកបន្ទាប់ពី Andrea Pirlo និង Alessandro Nesta។ រំលឹកថា Lorenzo Insigne គឺជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ Napoli ស្រាប់នឹងឡើងមកលេងក្រុមធំដំបូងតាំងពីឆ្នាំ២០១០ រហូតមកដល់ពេលនេះបង្ហាញខ្លួនបាន ៣១៩ប្រកួតរកបាន ៨៩គ្រាប់៕
អត្ថបទ៖នាង សុភាវុធ