នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន នាថ្ងៃចន្ទ (ទី១៤ ខែកក្កដា) នេះ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បាននិយាយថា សហភាពអឺរ៉ុប (EU) បានរៀបចំបញ្ជីពន្ធដែលមានតម្លៃ ២១ពាន់លានអឺរ៉ូ (២៤,៥២ពាន់លានដុល្លារ) លើទំនិញរបស់សហរដ្ឋអាមេរិក ប្រសិនភាគីទាំង២ មិនអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទេនោះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បានគំរាមដំឡើងពន្ធ ៣០ភាគរយលើការនាំចូលពីប្រទេសម៉ិកស៊ិក និង EU ចាប់ពីថ្ងៃទី១ ខែសីហា បន្ទាប់ពីការចរចាជាច្រើនសប្តាហ៍ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក មិនបានឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ។

លោក Tajani ក៏បានប្រាប់សារព័ត៌មាន Il Messaggero ចុះផ្សាយប្រចាំថ្ងៃថា ដើម្បីជួយដល់សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ ធនាគារកណ្តាលអឺរ៉ុបគួរតែពិចារណាកម្មវិធីទិញមូលបត្របំណុលថ្មី ដែលជាវិធានការ «បន្ធូរបន្ថយបរិមាណ» និងកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត។
EU បានឲ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកថា ខ្លួននឹងបន្តផ្អាកវិធានការតបត ចំពោះពន្ធរបស់សហរដ្ឋអាមេរិក រហូតដល់ដើមខែសីហា ហើយបន្តដាក់សម្ពាធឲ្យមានដំណើរស្រាយ តាមរយៈការចរចា។
ហើយលោក Tajani បាននិយាយថា កញ្ចប់ដំឡើងពន្ធគិតជាទឹកប្រាក់តម្លៃ ២១ពាន់លានអឺរ៉ូ ដែលបានរៀបចំរួចហើយ អាចត្រូវបានអនុវត្ត ប្រសិនបើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកបង្ហាញពីភាពមិនអាចទៅរួចទេនោះ។ លោកបានបន្ថែមថា តែយ៉ាងណាក្ដី លោកមានទំនុកចិត្តថា វឌ្ឍនភាពអាចកើតមានឡើង អំឡុងការចរចា៕
