នៅថ្ងៃចន្ទ (ទី១៤ ខែកក្កដា) នេះ ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា មនុស្ស ៨នាក់ ត្រូវបាននគរបាល ក្នុងប្រទេសអេស្ប៉ាញឃាត់ខ្លួន ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាដោយហិង្សា ដែលបានកើតឡើង រវាងក្រុមស្តាំនិយមជ្រុល អ្នកស្រុក និងជនអន្តោប្រវេសន៍ នៅក្នុងទីក្រុងភាគអាគ្នេយ៍ កាលពីចុងសប្តាហ៍កន្លងមក។
ការប៉ះទង្គិចគ្នា នៅទីក្រុង Torre-Pacheco ក្នុងតំបន់ Murcia បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ (ទី១២ ខែកក្កដា) បន្ទាប់ពីអ្នកស្រុកវ័យចំណាស់ម្នាក់ត្រូវបានជនមិនស្គាល់មុខវាយដំ កាលពីដើមសប្តាហ៍ ជាហេតុការណ៍ដែលនាំឲ្យមានការអំពាវនាវពីសំណាក់ក្រុមស្តាំនិយមជ្រុល ដើម្បីស្វែងរកការសងសឹកលើសហគមន៍ជនអន្តោប្រវេសន៍ដ៏ធំ ក្នុងតំបន់នេះ។ ការជំរុញដែលនាំទៅដល់ការវាយប្រហារដំបូង មិនទាន់បានដឹងច្បាស់លាស់នៅឡើយទេ។
នៅថ្ងៃចន្ទនេះ នៅលើបណ្ដាញសង្គម X លោកស្រី Mariola Guevara តំណាងរដ្ឋបាលកណ្តាល នៅតំបន់ Murcia បានប្រាប់ឲ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួននោះ មាន ២នាក់ដែលត្រូវបានចោទថា មានពាក់ព័ន្ធនឹងការវាយប្រហារលើបុរសចំណាស់ និងមនុស្សជាច្រើននាក់ទៀត ទាក់ទងនឹងការប៉ះទង្គិច កាលពីចុងសប្តាហ៍។
លោកស្រី Guevara បានឲ្យដឹងទៀតថា ជនជាតិអេស្ប៉ាញចំនួន ៦នាក់ និងអ្នកស្រុកអាហ្រ្វិកខាងជើងម្នាក់ ត្រូវបានឃុំខ្លួនពីបទវាយដំរាងកាយ បង្កការខូចខាត និងបង្កការរំខាន។ លោកស្រីបានបន្ថែមថា មនុស្ស ២នាក់ផ្សេងទៀតដែលត្រូវបានឃុំខ្លួន បានជួយជនល្មើសវាយប្រហារលើបុរសវ័យចំណាស់នោះ៕