វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី១៤ ខែកក្កដា) នេះ បានឲ្យដឹងថា រូបភាពដ៏ធំនៃការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីការផ្គត់ផ្គង់មីស៊ីលការពារដែនអាកាស Patriot ដល់អ៊ុយក្រែន គឺជាការបង្ហាញថា ការបញ្ចូនអាវុធ និងគ្រាប់រំសេវរបស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុងគីវ បានបន្តធ្វើ និងកំពុងបន្តមានជាធម្មតា។
លោក Trump មិនបាននិយាយថា ចំនួននៃប្រព័ន្ធការពារដែនអាកាស Patriot ដែលលោកគ្រោងនឹងបញ្ជូនទៅកាន់អ៊ុយក្រែននោះឡើយ ប៉ុន្តែលោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងត្រូវបានផ្ដល់សំណងមកវិញដោយសហភាពអឺរ៉ុប (EU) សម្រាប់ការចំណាយលើអាវុធនេះ។
នៅពេលត្រូវបានសួរអំពីពាក្យសម្ដីរបស់លោក Trump អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ឥឡូវនេះ វាហាក់ដូចជាការផ្គត់ផ្គង់ទាំងនេះ នឹងត្រូវបង់ប្រាក់ដោយអឺរ៉ុប ខ្លះអាចនឹងត្រូវបានបង់ តែខ្លះទៀតអាចនឹងមិនមានការបង់ឡើយ»។
លោក Peskov បានសង្កត់ធ្ងន់ថា៖ «ការពិតនៅតែបង្ហាញឲ្យឃើញថា ការផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ពីសហរដ្ឋអាមេរិក បានបន្ត និងបន្តមានជាធម្មតាទៅកាន់អ៊ុយក្រែន»។
គួរបញ្ជាក់ថា ដោយដកស្រង់សម្តីបុគ្គល ២រូបដែលដឹងពីបញ្ហានេះ សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក Trump ត្រូវបានគេរំពឹងថា នឹងប្រកាសផែនការថ្មី ក្នុងការបំពាក់អាវុធដល់អ៊ុយក្រែនជាមួយនឹងអាវុធវាយលុក ដែលជាការផ្លាស់ប្ដូរផ្ទុយស្រឡះពីគោលជំហរពីមុនរបស់លោក៕