
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន គ្រោងនឹបង្ហាញវត្តមាននៅឯកិច្ចប្រជុំ ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក រវាងសហភាពអឺរ៉ុប (EU) និងប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួន នៅថ្ងៃចន្ទ (ទី១៤ ខែកក្កដា) ប៉ុន្តែអាជ្ញាធរប៉ាឡេស្ទីនបានបដិសេធថា នឹងមិនការជួបគ្នាទ្វេភាគីឡើយ។
ចាប់តាំងពីសង្រ្គាម នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមផ្ទុះឡើង ក្នុងខែតុលា ឆ្នាំ២០២៣ នេះនឹងក្លាយជាលើកដំបូងហើយ ដែលរដ្ឋមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន បានចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ ក្នុងបន្ទប់តែមួយ។

ការិយាល័យរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានឲ្យដឹងថា ទន្ទឹមនឹងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនោះ លោក Gideon Saar នឹងជួបពិភាក្សាជាមួយអ្នកការទូតជាន់ខ្ពស់របស់ EU លោកស្រី Kaja Kallas និងស្នងការទទួលបន្ទុកកិច្ចការសមុទ្រមេឌីទែរ៉ាណេរបស់ប្លុក គឺលោកស្រី Dubravka Suica។
ជាមួយគ្នានេះ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ការិយាល័យនេះបានបន្ថែមថា លោក Saar ក៏ត្រូវបានរំពឹងផងដែរថា នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសផ្សេងទៀត នៅខាងក្រៅព្រឹត្តិការណ៍នេះ។
ចំណែកអាជ្ញាធរប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅទីក្រុង Ramallah បានបញ្ជាក់ពីការចូលរួមរបស់រដ្ឋមន្ត្រីការបរទេស លោកស្រី Varsen Aghabekian Shahin ប៉ុន្តែបានបដិសេធការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលថា កិច្ចប្រជុំណាមួយជាមួយលោក Saar គឺស្ថិតនៅក្នុងរបៀបវារៈនោះ៕