
ប្រធានពន្លត់អគ្គិភ័យ ក្នុងតំបន់ នៅថ្ងៃចន្ទ (ទី១៤ ខែកក្កដា) បាននិយាយថា មនុស្សជាច្រើននាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀត បានរងរបួស បន្ទាប់ពីមានអគ្គិភ័យឆាបឆេះឡើង នៅមជ្ឈមណ្ឌលជួយសង្គ្រោះ ក្នុងទីក្រុង Fall River រដ្ឋ Massachusetts កាលពីថ្ងៃអាទិត្យ (ទី១៣ ខែកក្កដា)។
ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុង Fall River លោក Jeffrey Bacon បាននិយាយថា៖ «បុគ្គលិកពន្លត់អគ្គិភ័យត្រូវប្រឈមជាមួយអណ្ដាតភ្លើងសន្ធោសន្ធៅ ដែលបានឆាបឆេះចេញតាមច្រកចូលសំខាន់ ហើយមនុស្សជាច្រើន កំពុងនាំគ្នាតោងបង្អួចរង់ចាំការសង្គ្រោះ។ ជនរងគ្រោះជាច្រើននាក់ត្រូវបានជួយសង្គ្រោះពីអាគារ ហើយដឹកទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដើម្បីព្យាបាល»។
ជាមួយគ្នានេះ អ្នកពន្លត់អគ្គិភ័យ ៥នាក់ ត្រូវបានគេដឹកជញ្ជូន ដោយសាររងរបួសដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។ មូលហេតុ ដែលនាំឲ្យមានអគគិភ័យនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕

