មីយ៉ាន់ម៉ា៖ ព្រះសង្ឃមួយក្រុមបានចូលរួមក្បួន តវ៉ាប្រឆាំងរដ្ឋប្រហារកាលពីថ្ងៃពុធនៅទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំបំផុតទី២ របស់សហភាពមីយ៉ាន់ម៉ា។ ក្រុមព្រះសង្ឃបានដើរតាមដងផ្លូវក្បែរវត្តអារាមរបស់ខ្លួន ដោយកាន់បដាដែលសរសេរថា ធ្វើបាតុកម្មដោយស្ងៀមស្ងាត់។

ព្រះសង្ឃបានចូលរួមជាមួយក្រុមបាតុករវ័យក្មេងប្រហែល ១ពាន់នាក់ដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលយោធាថ្មី។ រដ្ឋប្រហារនេះបានធ្វើឲ្យការរីកចម្រើនក្នុងកម្រិតល្បឿនយឺតដើរថយក្រោយ រយៈពេលជាច្រើនឆ្នាំក្នុងដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីការគ្រប់គ្រងយោធាអស់រយៈពេល ៥ទសវត្ស។ កម្លាំងសន្តិសុខបានឆ្លើយតបដោយការចាប់ខ្លួនមនុស្សដ៏ច្រើន ហើយពេលខ្លះប្រើកម្លាំងបង្ក្រាបដ៏ហិង្សា។ ទោះបីមានការប្រើប្រាស់វិធីសាស្ត្រហិង្សាកាន់តែច្រើនឡើងៗ របស់កងកម្លាំងសន្តិសុខក៏ដោយ ក៏ការតវ៉ានានាបានបន្តកាលពីថ្ងៃពុធនៅក្នុងទីក្រុង និងទីប្រជុំជននានានៅពាសពេញប្រទេស រួមទាំងទីក្រុងយ៉ាងហ្គោន, ម៉ានដាឡេ, ម៉ូនីវ៉ា, ដាវ៉េ និងទីក្រុងមីយីតគីណា ជាដើម៕
អត្ថបទ៖ សុខមាន