
ការពិនិត្យឡើងវិញផ្ទៃក្នុងរបស់សារព័ត៌មាន BBC នៅថ្ងៃចន្ទ (ទី១៤ ខែកក្កដា) បានឲ្យដឹងថា ភាពយន្តឯកសាររបស់របស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈចក្រភពអង់គ្លេសមួយនេះ អំពីជីវិតរបស់កុមារ នៅតំបន់ហ្កាហ្សា ដែលរៀបរាប់ដោយកូនប្រុសអាយុ ១៣ឆ្នាំរបស់មន្ត្រីក្រុមហាម៉ាស បានរំលោភលើគោលការណ៍ណែនាំ ស្តីពីភាពត្រឹមត្រូវ។
តែការស៊ើបអង្កេតបានរកឃើញថា មិនមានការរំលោភលើគោលការណ៍ណែនាំវិចារណកថារបស់ BBC ផ្សេងទៀតទេ ក្នុងនោះរួមទាំងភាពមិនលម្អៀង និងគ្មានភស្តុតាងដែលថា ផលប្រយោជន៍ខាងក្រៅ «ប៉ះពាល់មិនសមរម្យលើកម្មវិធីនេះ»។

BBC បានលុបចេញកម្មវិធីដែលមានចំណងជើងថា Gaza: How To Survive A War Zone ចេញពីវេទិកាអនឡាញរបស់ខ្លួន ក្នុងខែកុម្ភៈ ពោលគឺ ៥ថ្ងៃបន្ទាប់ពីវាត្រូវបានចាក់ផ្សាយ ដោយបានលើកឡើងថា វាមាន «កំហុសឆ្គងធ្ងន់ធ្ងរ»។ ភាពយន្តឯកសារនេះ ធ្វើឡើងដោយក្រុមហ៊ុនផលិតឯករាជ្យ HOYO Films។
ការពិនិត្យឡើងវិញបានរកឃើញថា កម្មវិធីបានបំពានគោលការណ៍ណែនាំ អំពីភាពត្រឹមត្រូវដែលទាក់ទងនឹងការធ្វើឲ្យទស្សនិកជនភាន់ច្រឡំ។
ការពិនិត្យឡើងវិញបានរកឃើញថា សាវតានៃឪពុករបស់អ្នករៀបរាប់សាច់រឿង ដែលជារដ្ឋមន្ត្រីនៅក្នុងរដ្ឋបាលគ្រប់គ្រងដោយក្រុមហាម៉ាស នៅហ្កាហ្សា គឺជា «ព័ត៌មានសំខាន់» ដែលមិនត្រូវបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយ BBC មុនពេលចាក់ផ្សាយ៕