រូបិយប័ណ្ណរូប្លិ៍របស់រុស្ស៊ី បានស្រោចស្រង់ការធ្លាក់ចុះរបស់ខ្លួនមកវិញធៀបនឹងប្រាក់ដុល្លារ ហើយក៏បានកើនឡើងធៀបនឹងប្រាក់យ័នរបស់ចិន បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមានថាលោកនឹងដាក់ "ពន្ធយ៉ាងធ្ងន់ធ្ងរ" លើប្រទេសរុស្ស៊ី ប្រសិនបើពុំមានកិច្ចព្រមព្រៀងលើដំណោះស្រាយដោយសន្តិវិធីក្នុងសង្រ្គាមនៅអ៊ុយក្រែន ត្រូវបានធ្វើឡើងក្នុងរយៈពេល ៥០ថ្ងៃទេនោះ។

គិតត្រឹមម៉ោងសកល ១៦:០៥នាទី កាលពីថ្ងៃចន្ទ (១៤ កក្កដា) ប្រាក់រូប្លិ៍បានធ្លាក់ចុះ ០,២% នៅតម្លៃ ៧៨,១០រូប្លិ៍ក្នុងមួយដុល្លារអាមេរិក ប៉ុន្តែក្រោយមកបានហក់ឡើងដល់ ៧៨,៧៥រូប្លិ៍ទល់នឹងប្រាក់ដុល្លារក្នុងអំឡុងពេលថ្ងៃដដែលនោះ នេះបើយោងតាមទិន្នន័យរបស់ LSEG ផ្អែកលើការដកស្រង់ពីហាងឆេងប្ដូរប្រាក់សកល។ ចាប់តាំងពីដើមឆ្នាំ២០២៥ នេះមក ប្រាក់រូប្លិ៍រុស្ស៊ី បានងើបឡើងប្រហែល ៤៥% ទល់នឹងប្រាក់ដុល្លារអាមេរិក។

ធៀបនឹងប្រាក់យ័នចិន ដែលជារូបិយប័ណ្ណបរទេសត្រូវបានជួញដូរច្រើនបំផុតនៅរុស្ស៊ី ប្រាក់រូប្លិ៍បានឡើងថ្លៃ ០,៨% ដល់អត្រា ១០,៨៧រូប្លិ៍ក្នុងមួយយ័ន បន្ទាប់ពីធ្លាក់ជាង ១% កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ចំណែកទីផ្សារភាគហ៊ុនរបស់រុស្ស៊ីវិញ ក៏បានមើលឃើញកំណើន ២,៧% ផងដែរ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក Trump នេះបើយោងតាមផ្សារហ៊ុនទីក្រុងមូស្គូ។

គួរឱ្យដឹងថា ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ លោក Trump បានប្រកាសផ្ដល់សព្វាវុធថ្មីសម្រាប់អ៊ុយក្រែន ហើយបានគំរាមដាក់ទណ្ឌកម្មអ្នកដែលទិញការនាំចេញរបស់រុស្ស៊ី រួមទាំងពន្ធធ្ងន់ធ្ងរប្រមាណ ១០០% ដោយសម្តែងការខកចិត្តកាន់តែខ្លាំងឡើងរបស់ខ្លួនចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ព្រោះតែពុំមានវឌ្ឍនភាពធំដុំក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕