អ្នកនយោបាយនៅអ៊ុយក្រែន ស្វាគមន៍យ៉ាងរីករាយនូវការប្រកាសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលថាគ្រឿងយុទ្ធោបករណ៍របស់សហរដ្ឋអាមេរិក តម្លៃរាប់ពាន់លានដុល្លារ នឹងត្រូវបញ្ជូនទៅទីក្រុងគីវ ខណៈក្រុមមន្ត្រីទីក្រុងមូស្គូ បានច្រានចោលការព្រមានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររបស់លោកប្រឆាំងនឹងរុស្ស៊ី ថាជាការគំរាមកំហែងដែលទទេស្អាតគ្មានន័យខ្លឹមសារអ្វីនោះទេ។

នៅក្នុងជំនួបជាមួយប្រធានអង្គការណាតូ លោក Mark Rutte នៅសេតវិមាន លោក Trump បាននិយាយថា អាមេរិកនឹងបញ្ជូនគ្រឿងប្រឆាំងយន្តហោះ Patriot និងមីស៊ីលស្ទាក់ចាប់ ដែលត្រូវបង់ថ្លៃដោយសម្ព័ន្ធមិត្តអឺរ៉ុប ខណៈគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតនឹងទៅដល់ជាបន្តបន្ទាប់។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅល្ងាចថ្ងៃចន្ទ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោក Trump។

កញ្ចប់ជំនួយថ្មីរបស់លោក Trump នេះ មករួមគ្នាជាមួយនឹងការគំរាមកំហែងទណ្ឌកម្មយ៉ាងលើសលប់លើសេដ្ឋកិច្ចរុស្ស៊ី ប្រសិនបើពុំមានកិច្ចព្រមព្រៀងសន្តិភាពក្នុងរយៈពេល ៥០ថ្ងៃទេនោះ។ ក្រុមមន្ត្រីរុស្ស៊ី និងអ្នកសរសេរប្លុកដែលគាំទ្រសង្គ្រាមភាគច្រើន បានច្រានចោលការគំរាមកំហែងរបស់លោក Trump ដោយហៅការព្រមាននេះថា "មិនសូវធ្ងន់ធ្ងរ" ដូចការរំពឹងទុកឡើយ។
ក្រុមមន្រ្តីជាន់ខ្ពស់រុស្ស៊ី មិនបានសម្ដែងក្ដីបារម្ភពីកញ្ចប់ទណ្ឌកម្មថ្មីនេះទេ ដោយសមាជិកសភាជាន់ខ្ពស់មួយរូបរបស់រុស្ស៊ី គឺលោក Konstantin Kosachev បានបង្ហោះលើកម្មវិធីតេលេក្រាមថា ឱសានវាទរបស់ប្រធានាធិបតីអាមេរិក គឺស្មើនឹង "ការគំរាមកំហែងដែលទទេស្អាតគ្មានន័យខ្លឹមសារ" ដោយចង់បង្ហាញន័យថា លោក Trump អាចដើរថយក្រោយពីការសម្រេចចិត្តរបស់លោកបានយ៉ាងងាយ៕

