អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទ ទី១៤ ខែកក្កដាថា នឹងគ្មានការចរចានុយក្លេអ៊ែរថ្មីជាមួយសហរដ្ឋអាមេរិកទេ ប្រសិនបើដាក់លក្ខខណ្ឌលើទីក្រុងតេអេរ៉ង់ឲ្យបោះបង់ចោលសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន។
ទីក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ បានចូលរួមក្នុងការចរចាជាច្រើនជុំ ដើម្បីស្វែងរកការចុះកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ប៉ុន្តែអ៊ីស្រាអែលបានលុបចោលកិច្ចពិភាក្សា នៅពេលដែលប្រទេសនេះចាប់ផ្តើមការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលទៅលើសត្រូវក្នុងតំបន់របស់ខ្លួន ដែលបានបង្កឲ្យមានសង្រ្គាមរយៈពេល១២ថ្ងៃ។

ចាប់តាំងពីការបញ្ចប់អរិភាពមក ទាំងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក បានបង្ហាញពីឆន្ទៈក្នុងការវិលត្រឡប់ទៅកាន់តុចរចាវិញ ទោះបីជាទីក្រុងតេអេរ៉ង់បាននិយាយថា ខ្លួននឹងមិនលះបង់សិទ្ធិរបស់ខ្លួនក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធីក៏ដោយ។

លោក Ali Velayati ទីប្រឹក្សារបស់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ថា «ប្រសិនបើការចរចាត្រូវបានដាក់លក្ខខណ្ឌលើការបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នោះការចរចាបែបនេះនឹងមិនកើតមានឡើងឡើយ» ។
ការថ្លែងនេះបានធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baqaei បាននិយាយថា អ៊ីរ៉ង់មិនបានកំណត់កាលបរិច្ឆេទសម្រាប់ជំនួបណាមួយជាមួយសហរដ្ឋអាមេរិកឡើយ។