កងកម្លាំងអ៊ីស្រាអែល បានបន្តបាញ់ផ្លោងលើតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានហ៊ុមព័ទ្ធដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ៧៨ នាក់ រួមទាំងអ្នកស្វែងរកជំនួយជាច្រើននាក់ ខណៈកិច្ចចរចាបទឈប់បាញ់បានជាប់គាំងក្នុងពេលមានវិបត្តិប្រេងឥន្ធនៈ និងវិបត្តិស្រេកឃ្លានកាន់តែជ្រៅ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ដែនដីប៉ាឡេស្ទីន Wafa បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតចំណុចចែកចាយជំនួយមួយកន្លែងក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ជាអ្នកដែលកំពុងស្វែងរកជំនួយកាលពីថ្ងៃចន្ទ។

ការសម្លាប់នេះ បានបង្កើនចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅជិតទីតាំងផ្តល់ជំនួយដំណើរការដោយមូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ឡើងដល់៨៣៨នាក់។
នៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួនបានសម្លាប់មនុស្ស៩នាក់ និងរងរបួសជាច្រើននាក់ផ្សេងទៀត។
កងកម្លាំងអ៊ីស្រាអែល បានបន្តការវាយលុកនៅភាគខាងជើងតំបន់ហ្កាហ្សានិងទីក្រុងហ្កាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ពីការវាយឆ្មក់នៅក្នុងទីក្រុងហ្កា្កហ្សា ដោយមានរថក្រោះវាយប្រហារគ្រាប់រ៉ុក្កែត ហើយក្រោយមកប្រើប្រាស់អាវុធធុនស្រាល។