វាយកូនបាល់៖ ក្រុមវាយកូនបាល់អេស្ប៉ាញបានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ATP Cup ហើយក្រោយជ័យជំនះចុងក្រោយលើក្រុមស៊ែប។ កីឡាករអេស្ប៉ាញ Pablo Cerreno Busta បានយកឈ្នះកីឡាករស៊ែប Filip Krajinovic ៦-៣ និង ៦-៤ មុនពេលដែល Roberto Bautista Agut យកឈ្នះ Dusan Lajovic ៦-១ និង ៦-៤។

មុនពេលអេស្ប៉ាញជួបស៊ែបនេះ ឈីលីបានយកឈ្នះណ័រវេសរួចហើយនៅក្នុងពូល A នេះដែលមានន័យថា អេស្ប៉ាញត្រូវការតែមួយពិន្ទុទៀតប៉ុណ្ណោះដើម្បីឡើងវគ្គបន្ត។ ចំណែកពូល D វិញប៉ូឡូញជាក្រុមលេខ ១ ក្នុងពូលក្រោយជ័យជំនះចុងក្រោយលើអាហ្សង់ទីន ៣-០ នៅទីក្រុងស៊ីដនី។ កីឡាករប៉ូឡូញ Kamil Majchrzak បានយកឈ្នះកីឡាករអាហ្សង់ទីន Federico Delbonis ៦-៣ និង ៧-៦(៧-៣) មុនពេលដែល Hubert Hurkacz ក៏យកឈ្នះ Diego Schwartzman ដែរក្នុងលទ្ធផល ៦-១ និង ៦-៤។
ប្រកួតបង្គ្រប់កិច្ចចុងក្រោយវិញ្ញាសាវាយគូ ក្រុមប៉ូឡូញនៅតែបន្តយកឈ្នះអាហ្សង់ទីនទៀត ៧-៦ និង ៧-៦។ ជ័យជំនះនេះធ្វើឱ្យប៉ូឡូញជាក្រុមលេខ ១ ក្នុងពូល D នេះក្រោយឈ្នះទាំង ៣ប្រកួតក្នុងពូលទៅលើអាហ្សង់ទីន ក្រិក និងហ្សកហ្ស៊ី។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមលេខ ១ ក្នុងពូល D ត្រូវជួបជាមួយក្រុមលេខ ១ ក្នុងពូល A គឺអេស្ប៉ាញ ខណៈគូប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយទៀតនឹងរកឃើញនៅថ្ងៃនេះ៕
អត្ថបទ៖នាង សុភាវុធ