ប្រទេសប៉ារ៉ាហ្គាយ បាននិយាយកាលពីថ្ងៃចន្ទ (១៤ កក្កដា) ថាខ្លួនកំពុងរៀបចំទទួលមេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នៅខែក្រោយនេះ ដែលមានន័យថា លោក Lai ក៏ទំនងជានឹងបង្កើតឱកាសឈប់សំចតដ៏រសើបនៅក្នុងទឹកដីសហរដ្ឋអាមេរិក ដែលនឹងធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារ។

ដំណើរទស្សនកិច្ចនានារបស់មេដឹកនាំតៃវ៉ាន់ទៅកាន់អាមេរិកកណ្តាល និងខាងត្បូង តែងតែពាក់ព័ន្ធនឹងអ្វីដែលគេដឹងជាផ្លូវការថាគ្រាន់តែជាការឈប់សំចតប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ប៉ុន្តែជារឿយៗដំណើរសំចតទាំងនោះជាផ្នែកដ៏សំខាន់បំផុតនៃទស្សនកិច្ច ដោយសារទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកគាំទ្រអន្តរជាតិកំពូល និងជាអ្នកផ្គត់ផ្គង់អាវុធដល់កោះស្វ័យគ្រប់គ្រងមួយនេះ។
ប្រទេសចិន ជំទាស់យ៉ាងខ្លាំងចំពោះអន្តរកម្មណាមួយរវាងតំបន់តៃវ៉ាន់ និងសហរដ្ឋអាមេរិក ហើយតែងតែថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការឈប់សំចតឆ្លងកាត់អាមេរិកបែបនេះរបស់មេដឹកនាំតៃវ៉ាន់។
កាលពីឆ្នាំមុន លោក Lai បានឆ្លងកាត់ទឹកដីអាមេរិក ដែលរួមបញ្ចូលដំណើរ ២ថ្ងៃនៅកោះហាវ៉ៃផងដែរ ហើយនៅពេលនោះ ប្រទេសចិន ដែលយោធារបស់ខ្លួនធ្វើប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ជាប្រចាំ បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោន ចំពោះការអនុញ្ញាតឈប់សំចតនេះ។ ចិននិយាយថា កោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយគ្មានសិទ្ធិក្នុងការធ្វើទំនាក់ទំនងរដ្ឋនិងរដ្ឋនោះទេ៕

