តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (១៤ កក្កដា) បានជម្រះឧបសគ្គសម្រាប់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ក្នុងការបន្តកិច្ចការរុះរើក្រសួងអប់រំ ដែលជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់លោកដើម្បីកាត់បន្ថយមុខតំណែងការងាររបស់រដ្ឋាភិបាលសហព័ន្ធនៅក្នុងវិស័យអប់រំ និងផ្ដល់ការគ្រប់គ្រងបន្ថែមទៀតដោយរដ្ឋនីមួយៗ។

នៅក្នុងជ័យជម្នះផ្លូវច្បាប់ចុងក្រោយបំផុតសម្រាប់លោក Trump ក្រុមចៅក្រមតុលាការកំពូលបានលុបចោលដីកាមួយរបស់ចៅក្រមសហព័ន្ធ ដែលបានបង្គាប់ឱ្យផ្ដល់ការងារដល់បុគ្គលិកត្រូវបណ្ដេញចេញជិត ១.៤០០នាក់ឡើងវិញ និងបានរារាំងរដ្ឋបាលមិនឱ្យផ្ទេរមុខងារអប់រំសំខាន់ៗទៅភ្នាក់ងារសហព័ន្ធផ្សេងទៀត។ បណ្ដឹងផ្លូវច្បាប់មួយផ្សេងទៀតទាក់ទងនឹងបញ្ហានេះកំពុងបន្តនៅតុលាការជាន់ទាប។
ក្រុមមេធាវីនៃគណបក្សប្រជាធិបតេយ្យចំនួន ២១នាក់ សាលារៀនក្នុងតំបន់ និងសហជីពដែលនៅពីក្រោយការតតាំងផ្លូវច្បាប់ទាំងនេះ បានព្រមាននៅក្នុងឯកសារតុលាការថា កិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ក្នុងការបិទក្រសួងអប់រំ បានគំរាមកំហែងធ្វើឱ្យខូចសមត្ថភាពរបស់ក្រសួងក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន។
កាលពីខែមីនា លោក Trump ព្យាយាមរក្សាសន្យាយុទ្ធនាការមួយរបស់លោកទៅកាន់អ្នកអភិរក្សនិយម ដោយអំពាវនាវឱ្យបិទក្រសួងអប់រំនេះទាំងស្រុង។ សមាជិកបក្សសាធារណរដ្ឋ បានរិះគន់ក្រសួងនេះថាជានិមិត្តសញ្ញានៃកាកសំណល់ការិយាធិបតេយ្យ ដោយសង្កត់ធ្ងន់ថា តួនាទីរបស់រដ្ឋាភិបាលសហព័ន្ធក្នុងវិស័យនេះគួរតែតូចជាងមុន ហើយផ្ដល់អំណាចឱ្យរដ្ឋនីមួយៗកាន់តែច្រើនជំនួសវិញ៕

