តួលេខផ្លូវការនៃចំនួនអ្នកស្លាប់ទាក់ទងនឹងមហន្តរាយទឹកជំនន់នៅទូទាំងរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក បានកើនឡើងឥតឈប់ឈរដល់ ១៣១នាក់ និងមនុស្សរាប់សិបនាក់បន្តបាត់ខ្លួន កាលពីថ្ងៃចន្ទ (១៤ កក្កដា) ខណៈអាជ្ញាធរបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងក្លាមួយជុំទៀតដោយសារព្យុះក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទឹកជំនន់យ៉ាងគំហុកនៅតំបន់ Hill Country ដែលបានប្រែក្លាយទន្លេ Guadalupe ទៅជាគ្រោះទឹកជំនន់ដ៏កំណាច។

ក្រុមឃ្លាំមើលទឹកជំនន់របស់សេវាអាកាសធាតុជាតិ បានព្យាករថានឹងមានភ្លៀងធ្លាក់ខ្លាំងក្លាចាប់ពីព្រឹកថ្ងៃអង្គារនេះ សម្រាប់តំបន់ដ៏ធំទូលាយនៃកណ្តាលរដ្ឋតិចសាស់ លាតសន្ធឹងពីទីក្រុង Rio Grande ភាគខាងកើត ដល់ទីក្រុង San Antonio និង Austin ។
សេចក្ដីណែនាំនេះ រួមមានតំបន់ Kerr និងផ្នែកផ្សេងទៀតនៃតំបន់ Hill Country របស់រដ្ឋតិចសាស់ តាមបណ្តោយដងទន្លេ Guadalupe ដែលនៅមិនទាន់ងើបឡើងវិញស្រួលបួលផងពីគ្រោះមហន្តរាយទឹកជំនន់កាលពីថ្ងៃទី០៤ ខែកក្កដា។
អភិបាលរដ្ឋតិចសាស់ លោក Greg Abbott កាលពីថ្ងៃចន្ទ បាននិយាយថា ព្យុះភ្លៀងបានឆក់យកជីវិតមនុស្សយ៉ាងតិច ១៣១នាក់ ក្នុងរដ្ឋតិចសាស់ តាំងពីថ្ងៃទី០៤ កក្កដាមក ហើយមនុស្ស ៩៧នាក់នៅតែបាត់ខ្លួនក្នុងតំបន់ក្រុង Kerrville ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងពីចំនួនអ្នកបាត់ខ្លួនបឋមលើស ១៦០នាក់ ដែលអាជ្ញាធរបានរាយការណ៍តាំងតែពីសប្តាហ៍មុន៕

