ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងស្រុកបាននិយាយនៅថ្ងៃអង្គារ (១៥ កក្កដា) នេះថា ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ី កំពុងស្វែងរកមនុស្ស ១១នាក់ ដែលកំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងបានលិចដោយសារតែអាកាសធាតុអាក្រក់ខ្លាំងនៅកោះ Mentawai ក្នុងខេត្ត West Sumatra ។

ទីភ្នាក់ងារជួយសង្គ្រោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ៧នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីឧបទ្ទវហេតុនេះ ដែលបានកើតឡើងកាលពីថ្ងៃចន្ទ នៅម៉ោងក្នុងស្រុកប្រហែល ១១ព្រឹក។ ក្នុងចំណោមមនុស្ស ១៨ នាក់នៅលើទូកនោះ មាន ១០នាក់ជាមន្ត្រីរដ្ឋាភិបាលក្នុងតំបន់។ ទូកបានចាកចេញពីក្រុង Sikakap ដែលជាទីក្រុងតូចមួយនៅកោះ Mentawai ហើយកំពុងធ្វើដំណើរទៅកាន់ទីក្រុងតូចមួយទៀតឈ្មោះ Tuapejat ។

ទូក និងសាឡាងគឺជាមធ្យោបាយដឹកជញ្ជូនធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំកោះមានជាង ១៧.០០០កោះ ហើយគ្រោះថ្នាក់ក៏ជារឿងធម្មតាដែរដោយសារអាកាសធាតុអាក្រក់ ក៏ដូចជាស្តង់ដារសុវត្ថិភាពធូររលុង ដែលជារឿយៗអនុញ្ញាតឱ្យនាវាចម្លងផ្ទុកលើសទម្ងន់៕