គណៈកម្មការអឺរ៉ុប កាលពីថ្ងៃចន្ទ ទី១៤ ខែកក្កដា បាននិយាយថា ខ្លួននឹងដាក់ចេញបញ្ជីទំនិញថ្មីរបស់សហរដ្ឋអាមេរិកមានតម្លៃ ៧២ ពាន់លានអឺរ៉ូ (៨៤ ពាន់លានដុល្លារ) ដែលអាចក្លាយជាគោលដៅដំឡើងពន្ធរបស់សហភាពអឺរ៉ុប ប្រសិនបើការចរចាពន្ធជាមួយទីក្រុងវ៉ាស៊ីនតោនមិនទទួលបានជោគជ័យ។

ប្រធានផ្នែកពាណិជ្ជកម្មរបស់ប្លុកនេះ លោក Maros Sefcovic បានប្រកាសពីសំណើ «ដោយមានតម្លៃទឹកប្រាក់ប្រហែល៧២ពាន់លានអឺរ៉ូនៃការនាំចូលរបស់សហរដ្ឋអាមេរិក» នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីសហភាពអឺរ៉ុបនៅក្នុងទីក្រុងប្រ៊ុចសែល។

ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធ្វើឲ្យការចរចាជាច្រើនខែមានភាពតានតឹងជាមួយសហភាពអឺរ៉ុបធ្លាក់ចូលក្នុងភាពច្របូកច្របល់ដោយការគំរាមដំឡើងពន្ធ៣០ភាគរយលើទំនិញរបស់ប្លុកអឺរ៉ុប ប្រសិនបើពុំមានកិច្ចព្រមព្រៀងនៅត្រឹមថ្ងៃទី១ ខែសីហា។
រដ្ឋមន្ត្រីពាណិជ្ជកម្មសហភាពអឺរ៉ុបបានព្រមព្រៀងថា ពួកគេនៅតែចង់ទទួលបានកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន មុនពេលកាលបរិច្ឆេទកំណត់។ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ទីក្រុងព្រុចសែលកំពុងមានចំណាត់ការឈានទៅរកការសងសឹកប្រសិនបើលោកTrump បន្តឆ្ពោះទៅមុខដោយការដំឡើងពន្ធ។
រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen ដែលប្រទេសរបស់លោកកាន់តំណែងជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុបបាននិយាយថា «មានជំហររួបរួមក្នុងចំណោមរដ្ឋមន្ត្រីដែលយើងនឹងត្រៀមខ្លួនដើម្បីឆ្លើយតបប្រសិនបើចាំបាច់»។