ផ្សែងដ៏ខ្មួលខ្មាញ់ដែលហុយចេញពីចំហេះព្រៃរាប់រយកន្លែងនៅភាគខាងលិចប្រទេសកាណាដា កំពុងបក់បោកទៅទិសខាងកើត ដោយបង្កើនការបំពុលខ្យល់ដល់កម្រិតគ្រោះថ្នាក់ខ្លាំងទូទាំងទីក្រុងធំៗរបស់កាណាដាដូចជា តូរ៉ុនតូ ជាដើម ក៏ដូចជាផ្នែកខ្លះនៃភាគខាងលិចប៉ែកកណ្តាលនៃសហរដ្ឋអាមេរិក។

បន្ទាប់ពីកម្ដៅដ៏ខ្លាំងក្លាថ្ងៃចុងសប្តាហ៍ ផ្ទៃមេឃពោរពេញដោយផ្សែងអ័ព្ទបានគ្របដណ្ដប់ទីក្រុងតូរ៉ុនតូ ដែលជាទីក្រុងធំបំផុតរបស់កាណាដាកាលពីថ្ងៃចន្ទ (១៤ កក្កដា) ហើយក្រុមមន្ត្រីបរិស្ថានកាណាដា បានចេញការជូនដំណឹងអំពីគុណភាពខ្យល់ដ៏គ្រោះថ្នាក់។ គិតត្រឹមរសៀលថ្ងៃចន្ទដដែលនោះ គុណភាពខ្យល់របស់ទីក្រុងតូរ៉ុនតូ ជាប់ក្នុងចំណោមស្ថានភាពខ្យល់អាក្រក់បំផុតជុំវិញពិភពលោក នេះបើយោងតាមវេទិកាត្រួតពិនិត្យខ្យល់សកល IQAir។
ក្រសួងបរិស្ថានកាណាដាបានណែនាំអ្នកស្រុកឱ្យជៀសវាងសកម្មភាពខាងក្រៅយ៉ាងតឹងរ៉ឹងនៅក្នុងទីក្រុងតូរ៉ុនតូ និងភាគច្រើននៃខេត្ត Ontario ហើយបានចេញការព្រមានដូចគ្នាសម្រាប់ក្រុង Saskatoon ដែលជាទីក្រុងធំបំផុតនៅខេត្តភាគខាងលិច Saskatchewan។
នៅសហរដ្ឋអាមេរិក តំបន់បឹងដ៏ធំល្វឹងល្វើយ Great Lakes ក៏ត្រូវបានមើលឃើញថាមានការថយចុះគុណភាពខ្យល់ផងដែរ ជាពិសេសនៅភាគខាងជើងរដ្ឋ Minnesota និង Wisconsin ភាគខាងលិចទីក្រុង New York និងភាគខាងជើងរដ្ឋ Pennsylvania។
រដ្ឋាភិបាលខេត្តកាណាដាបាននិយាយថា ខណៈដែលរដូវកាលចំហេះព្រៃរបស់កាណាដារហូតមកដល់ពេលនេះ មិនធ្ងន់ធ្ងរដូចឆ្នាំ២០២៣ក៏ដោយ ក៏ខេត្តភាគខាងលិច Manitoba កំពុងតែជួបប្រទះរដូវកាលចំហេះដ៏អាក្រក់បំផុតក្នុងរយៈពេលប្រហែល ៣០ឆ្នាំមកនេះ៕

