ក្រសួងបរិស្ថានបាននិយាយកាលពីថ្ងៃចន្ទ ទី១៤ ខែកក្កដា ថា សីតុណ្ហភាពខ្ពស់បានបណ្តាលឱ្យមនុស្ស ១.១៨០នាក់បានស្លាប់នៅក្នុងប្រទេសអេស្ប៉ាញក្នុងរយៈពេល២ខែកន្លងទៅនេះ ជាការកើនឡើងយ៉ាងខ្លាំងពីអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យដែលបានដកស្រង់បង្ហាញថា មនុស្សភាគច្រើនដែលបានស្លាប់មានអាយុលើសពី ៦៥ ឆ្នាំ ហើយជាងពាក់កណ្តាលជាស្ត្រី។

តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺមានទីតាំងស្ថិតនៅនៅពាក់កណ្តាលភាគខាងជើងប្រទេស ជាកន្លែងដែលសីតុណ្ហភាពរដូវក្តៅមានភាពត្រជាក់ជាធម្មតាដែលបានកើនឡើងកម្តៅគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដូចបណ្តាប្រទេសផ្សេងទៀតនៅអឺរ៉ុបខាងលិចដែរ អេស្បាញបានទទួលរងកម្តៅខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសីតុណ្ហភាពជារឿយៗហក់ឡើងដល់លើ៤០អង្សាសេ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយដកស្រង់ទិន្នន័យពីវិទ្យាស្ថានសុខភាព Carlos III ថាមនុស្ស១.១៨០នាក់បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងកម្តៅនៅចន្លោះពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី១៣ ខែកក្កដា ដោយប្រៀបធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤មានអ្នកស្លាប់ត្រឹមតែ៧០នាក់។ ចំនួនអ្នកស្លាប់បានកើនឡើងខ្លាំងនៅក្នុងសប្តាហ៍ដំបូងនៃខែកក្កដា។
ក្រសួងនិយាយថា ទិន្នន័យនេះបង្ហាញពីព្រឹត្តិការណ៍នៃ «អាំងតង់ស៊ីតេពិសេស ដែលកំណត់ដោយការកើនឡើងសីតុណ្ហភាពជាមធ្យមមិនធ្លាប់មានពីមុនមក និងការកើនឡើងគួរឱ្យកត់សម្គាល់នៃអត្រាមរណភាពបណ្តាលមកពីរលកកម្តៅ»។