វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic ត្រូវបានបដិសេធមិនឱ្យចូលប្រទេសអូស្ត្រាលី ហើយត្រូវបានលុបចោលទិដ្ឋាការបន្ទាប់ពីបានមកដល់ទីក្រុង Melbourne កាលពីល្ងាចថ្ងៃពុធដើម្បីការពារតំណែងរបស់ខ្លួននៅព្រឹត្តិការណ៍ Grand Slam, Australian Open។

កងកម្លាំងអន្តោប្រវេសន៍អូស្ត្រាលីបានចេញសេចក្ដីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃព្រហស្បតិ៍ម៉ោងក្នុងស្រុកដោយនិយាយថា កីឡាករវាយកូនបាល់សញ្ជាតិស៊ែបរូបនេះបានផ្តល់ឯកសារមិនគ្រប់គ្រាន់ តម្រូវតាមការចង់បានក្នុងការចូលមកកាន់ទឹកដីអូស្ត្រាលី។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានមកដល់អាកាសយានដ្ឋានទីក្រុង Melbourne បន្ទាប់ពីទទួលបានការលើកលែងផ្នែកវេជ្ជសាស្ត្រដោយរដ្ឋបាលរដ្ឋ Victorian ពីតម្រូវការចាក់វ៉ាក់សាំងដ៏តឹងរ៉ឹងសម្រាប់ការប្រកួត Australian Open ដែលគេធ្លាប់ឈ្នះជើងឯកដល់ទៅ ៩លើកនៅទីនេះ។ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបានរាយការណ៍ថា ក្រុមរបស់លោក Djokovic បានដាក់ពាក្យសុំខុសប្រភេទទិដ្ឋាការដែលអមជាមួយការលើកលែងផ្នែកសុខាភិបាល។ ថ្លែងជាមួយទូរទស្សន៍អូស្ត្រាលីប៉ុស្តិ៍លេខ៧ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Greg Hunt បាននិយាយថា ការលើកលែង "មិនត្រូវតាមស្តង់ដារនៃភស្តុតាងទៅតាមការកំណត់របស់អន្តោប្រវេសន៍អូស្ត្រាលី"។
មេធាវីរបស់ Djokovic ត្រូវបានគេរំពឹងថានឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ ដែលបានកើតឡើងបន្ទាប់ពីជើងឯក Grand Slam ២០លើករូបនេះត្រូវចំណាយពេលជាង ៨ម៉ោងនៅឯអាកាសយានដ្ឋាន Melbourne Tullamarine ដើម្បីរង់ចាំរកមើលថា តើគាត់នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសដែរឬទេ។ Grand Slam, Australian Open នឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមករាឆ្នាំក្រោយ ខណៈកីឡាករនឹងចាប់ផ្ដើមទៅកាន់ទឹកដីអូស្ត្រាលីបណ្តើរៗនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមការប្រកួតកម្ដៅសាច់ដុំ៕
អត្ថបទ៖នាង សុភាវុធ