ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump គួរតែផ្តល់ឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នូវពេលវេលាកំណត់ខ្លីជាងនេះ ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាពជុំវិញសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីលោក Trump បានទុកពេលឱ្យរុស្ស៊ី ៥០ថ្ងៃ ដើម្បីរកដំណោះស្រាយសន្តិភាពក្នុងសង្រ្គាម បើពុំនោះទេនឹងរងពន្ធដ៏ធ្ងន់ធ្ងរដល់ទៅ ១០០%។

លោកស្រី Kallas បានអត្ថាធិប្បាយទៅកាន់សារព័ត៌មាន The Telegraph ថា៖ នេះពិតជាវិជ្ជមានណាស់ដែលលោក Trump កំពុងប្រកាន់ជំហរតឹងរ៉ឹងលើរុស្ស៊ី ប៉ុន្តែរយៈពេលកំណត់ដល់ទៅ ៥០ថ្ងៃគឺពិតជាយូរពេកហើយ ខណៈគ្រប់គ្នាមើលឃើញថា រុស្ស៊ីកំពុងបន្តសម្លាប់ជនស៊ីវិលស្លូតត្រង់។

បន្ថែមពីលើការគំរាមដាក់ទណ្ឌកម្មទាក់ទងនឹងរុស្ស៊ីនេះ លោក Trump ក៏បានប្រកាសពីគម្រោងបញ្ជូនសព្វាវុធតម្លៃរាប់ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន នៅក្នុងកិច្ចព្រមព្រៀងមួយដែលនឹងត្រូវទូទាត់ដោយបណ្ដាប្រទេសអង្គការណាតូ។

លោកនិយាយថាគ្រឿងយុទ្ធោបករណ៍ទាំងនោះនឹងមានកម្រិតខ្ពស់បំផុត ប៉ុន្តែមិនបញ្ជាក់លម្អិតនោះទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Trump បានសម្តែងការខកចិត្តចំពោះលោក Putin ដោយនិយាយថា មេដឹកនាំរុស្ស៊ីរូបនេះបានតែនិយាយអំពីសន្តិភាព ប៉ុន្តែបរាជ័យក្នុងការធ្វើសកម្មភាពជាក់ស្ដែង។ ប្រធានាធិបតីអាមេរិករូបនេះក៏បង្ហាញក្ដីសង្ឈឹមថានឹងមានវឌ្ឍនភាពលើបទឈប់បាញ់ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយសារតែកញ្ចប់ទណ្ឌកម្មដ៏មានឥទ្ធិពលថ្មីនេះ៕