អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទ (១៤ កក្កដា) ថា បទឈប់បាញ់ក្នុងសង្រ្គាមដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សាស្ទ្រីប តែម្យ៉ាងគឺមិនគ្រប់គ្រាន់នោះទេ ដោយអំពាវនាវឱ្យមានដំណោះស្រាយរដ្ឋពីរ ដែលទាំងជនជាតិប៉ាឡេស្ទីន និងអ៊ីស្រាអែល អាចអនុវត្តសិទ្ធិរបស់ពួកគេបានយ៉ាងពេញលេញ។

ដោយពណ៌នាអំពីស្ថានភាពនៅហ្កាហ្សាថា "គួរឱ្យរន្ធត់" ប្រមុខអង្គការសហប្រជាជាតិរូបនេះបាននិយាយថា ទឹកដីហ្កាហ្សា កំពុងជួបប្រទះនឹងការស្លាប់ និងការបំផ្លិចបំផ្លាញយ៉ាងមហន្តរាយក្នុងពេលថ្មីៗនេះ ដែលបំផ្លាញលក្ខខណ្ឌមូលដ្ឋាននៃសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។

លោក Guterres បានសង្កត់ធ្ងន់ថា ទុក្ខវេទនារបស់ប្រជាជន ៥លាននាក់ ដែលរស់នៅក្នុងទឹកដីរបស់ខ្លួនដោយពុំមានសិទ្ធិសេរីភាព គឺផ្ទុយពីច្បាប់មនុស្សជាតិ និងអន្តរជាតិ។ លោកក៏បានប្រកាសផែនការសម្រាប់សន្និសីទមួយស្តីពីដំណោះស្រាយរដ្ឋទាំងពីរនៅខែកក្កដា នេះ ដោយបង្ហាញក្តីសង្ឃឹមថា ភាគីជម្លោះទាំងពីរអាចជម្នះការលំបាកដើម្បីសម្រេចបានបទឈប់បាញ់។

ដោយបដិសេធការអំពាវនាវជាអន្តរជាតិឱ្យមានបទឈប់បាញ់ អ៊ីស្រាអែលបានបន្តការវាយលុកយ៉ាងព្រៃផ្សៃលើតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៥៨.០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ ការទម្លាក់គ្រាប់បែកឥតឈប់ឈរនេះបានបំផ្លាញតំបន់ប៉ាឡេស្ទីនដ៏តូចចង្អៀត ហើយនាំឱ្យមានការខ្វះខាតស្បៀងអាហារ និងការរីករាលដាលនៃជំងឺយ៉ាងធ្ងន់ធ្ងរ៕