អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារ (១៥ កក្កដា) នេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបជាមួយលោកប្រធានាធិបតីចិន Xi Jinping ក្នុងពេលដែលប្រមុខការទូតក្រុងមូស្គូរូបនេះកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ជាមួយនឹងគម្រោងទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ី។

ក្រសួងរុស្ស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័ររបស់ខ្លួនថា "លោក Lavrov បានផ្ញើជូនមេដឹកនាំចិន នូវការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ និងពាក្យជូនពរពីប្រធានសហព័ន្ធរុស្ស៊ី លោក Vladimir Putin" ។ សេចក្តីថ្លែងការណ៍បន្តថា "ភាគីទាំងពីរបានពិភាក្សាពីបញ្ហាមួយចំនួនទាក់ទងនឹងទំនាក់ទំនងនយោបាយទ្វេភាគី រួមទាំងការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនាពេលខាងមុខនេះរបស់ប្រធានាធិបតីរុស្ស៊ី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន"។

ប្រធានាធិបតីរុស្ស៊ី លោក Putin នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់បណ្ដាមេដឹកនាំនៃអង្គការសហប្រតិបត្តិការសៀងហៃ SCO ជួបពិភាក្សាជាមួយលោក Xi និងចូលរួមពិធីផ្សេងទៀតនៅថ្ងៃទី០៣ ខែកញ្ញា ខាងមុខនេះ ដើម្បីរំលឹកខួបនៃជ័យជម្នះរបស់ចិន លើជប៉ុន ក្នុងសង្គ្រាមលោកលើកទីពីរ។
លោក Putin និងលោក Xi ដែលតែងតែហៅគ្នាទៅវិញទៅមកថាជា "មិត្តសម្លាញ់" បានបង្កើនទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ស្របពេលមានយុទ្ធនាការយោធា ៣ឆ្នាំរបស់រុស្ស៊ី លើអ៊ុយក្រែន។ ចិន និងរុស្ស៊ី បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ "គ្មានដែនកំណត់" ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលរុស្ស៊ី ចាប់ផ្តើមយុទ្ធនាការយោធាពិសេសរបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ២០២២៕
